ពុំទាន់បាន១ខែនៅឡើយទេបន្ទាប់ពីការឡើងកាន់តំណែង លោកស្រីSusan Monarez នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ត្រូវបានបណ្តេញចេញពីតំណែង កាលពីថ្ងៃពុធ។

ក្រសួងសុខាភិបាលនិងប្រជាសេវា (HHS) ដែលគ្រប់គ្រងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញX ថា លោកស្រី «Susan Monarez លែងជានាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) ទៀតហើយ។ យើងអរគុណលោកស្រីចំពោះការខិតខំប្រឹងប្រែងសម្រាប់ប្រជាជនអាមេរិក»។ ដោយបានស្បថចូលកាន់តំណែងជានាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក(CDC)កាលពីថ្ងៃទី៣១ ខែកក្កដា លោកស្រីMonarez បានក្លាយជានាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ដែលបម្រើការងារក្នុងរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារនេះ។
ប៉ុន្មានម៉ោងក្រោយពីការប្រកាសរបស់ក្រសួងសុខាភិបាលនិងប្រជាសេវា(HHS) ក្រុមអ្នកច្បាប់របស់ លោកស្រី Monarez បានចេញសេចក្តីថ្លែងការណ៍ថា លោកស្រីមិនបានលាលែងពីតំណែង ឬមិនត្រូវបានបណ្តេញចេញនោះទេ។ មេធាវីរបស់លោកស្រី បានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Robert F. Kennedy Jr. ពីបទ «ប្រើប្រាស់សុខភាពសាធារណៈជាអាវុធដើម្បីផលប្រយោជន៍នយោបាយ» និងបាននិយាយថា តាមរយៈការបណ្តេញមន្ត្រីសុខាភិបាលចេញពីរដ្ឋាភិបាល លោកបានធ្វើឱ្យ «ជីវិតពលរដ្ឋអាមេរិករាប់លាននាក់ប្រឈមនឹងគ្រោះថ្នាក់»។
