ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះកិច្ចព្រមព្រៀម (MOU) ជាមួយអង្គការសិល្បៈខ្មែរអមមតៈ បានបន្តសហការគ្នា ក្នុងការស្វែងរកសិល្បករចាស់ៗ ដើម្បីឲ្យពួកគាត់ជួយបង្រៀនបណ្ដុះបណ្ដាល លើជំនាញសិល្បៈរៀងៗខ្លួនដល់យុវជន កុំឲ្យមានការបាត់បង់ និងស្ថិតនៅគង់វង្សបន្តដល់កូនចៅជំនាន់។
ក្រោយពិធីចុះកិច្ចព្រមព្រៀង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោក ឯក ប៊ុនថា អគ្គនាយក រងបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ចំពោះការងារនេះ ភាគីទាំងពីរ បានធ្វើរួមគ្នាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយMOUនេះ ដើម្បីបន្តការងារក្នុងការរកសិល្បករចាស់ៗ យកមកថែបំប៉ន ហើយបញ្ចេញ និងផ្ទេរចំណេះដឹងផ្សេងៗទៅយុវវ័យជំនាន់ក្រោយ នៅគ្រប់ទីកន្លែង ។
លោក បានបន្តថា សម្រាប់ការងារនេះ គឺផ្ដោតទៅលើការផ្ដល់ជំនួយដល់សិល្បករចាស់ៗ ការ បង្រៀនសិល្បៈបែបអរូបី រួមទាំងការនាំយកតន្ត្រីបុរាណនានា ទៅផ្សព្វផ្សាយនៅតាមមូលដ្ឋាន ឬចាក់ បង្ហាញដល់ស្រទាប់មហាជនគ្រប់ទីកន្លែង ឲ្យបានដឹងពីសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែប កុំឲ្យបាត់បង់។
លោក ឯក ប៊ុនថា បានអះអាងថា ពាក់ព័ន្ធនឹងការសិក្សាផ្នែកសិល្បៈបុរាណនេះ យុវជនជំនាន់ ក្រោយ មានការចាប់អារម្មណ៍ច្រើន ទាំងការមកសិក្សាផ្ទាល់ និងចែករំលែកបន្ថែមទៅមិត្តភក្តិ ឬមហាជននានា តែយ៉ាងណា លោកបានធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ជួយផ្សព្វផ្សាយបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌នេះ ឲ្យកាន់តែទូលំទូលាយ ហើយចំពោះសិល្បករចាស់ៗ ក៏សូមជួយបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេបានចេះដឹង និងថែរក្សានូវសម្បត្តិសិល្បៈ បុរាណទាំងអស់៕អត្ថបទ៖ បាន សុខរិទ្ធិ