ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសារលិខិតស្វាគមន៍ចំពោះអ្នកចូលរួម អ្នករៀបចំ និងភ្ញៀវនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី១០ ដែលចុះផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំងថា ប្រទេសរុស្ស៊ី ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយប្រទេសផ្សេងទៀត ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៃទំនាក់ទំនងអន្តរជាតិ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សារនោះបានបញ្ជាក់ថា៖«រុស្ស៊ីនៅតែបើកចំហចំពោះការសន្ទនាក្នុងន័យស្ថាបនា ជាមួយដៃគូដែលចាប់អារម្មណ៍ទាំងអស់ ហើយប្តេជ្ញាដើរតួនាទីយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងប្រព័ន្ធយុត្តិធម៌នៃទំនាក់ទំនងអន្តរជាតិ នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលផ្អែកលើសមភាពពិតប្រាកដ និងការគោរពគ្នាទៅវិញទៅមក ចំពោះផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក»។
វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី១០ នឹងប្រព្រឹត្តទៅនៅទីក្រុង Vladivostok ភាគខាងកើតប្រទេសរុស្ស៊ី នៅថ្ងៃទី៣-៦កញ្ញា។ នៅឆ្នាំនេះ ប្រធានបទសំខាន់នៃព្រឹត្តិការណ៍គឺ «ចុងបូព៌ា៖ កិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងវិបុលភាព»។ កម្មវិធីធុរកិច្ចរបស់វេទិកានេះ នឹងរួមបញ្ចូលជំនួបប្រហែល ៩០ ដែលបែងចែកជា ៧ ក្រុម។ មនុស្សប្រហែល ៦.000 នាក់មកពី ប្រទេសនិងដែនដីចំនួន ៣៦ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
