រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) បាននិយាយថា លោកស្រីបើកចំហ ចំពោះកិច្ចពិភាក្សាជាមួយប្រទេសចិន អំពីលទ្ធភាពនៃការមានមធ្យោបាយ ដើម្បីធានាសុវត្ថិភាពដល់ប្រជាជនហ្វីលីពីនដែលរស់នៅក្នុងកោះតៃវ៉ាន់ ស្របពេលភាពតានតឹងឡើងកម្ដៅខ្លាំងឡើងៗ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
អំឡុងពេលថ្លែងនៅឯសវនាការរបស់ព្រឹទ្ធសភា លោកស្រី Lazaro ត្រូវបានសួរថា តើហ្វីលីពីនអាចស្វែងរកជំនួយពីទីក្រុងប៉េកាំងបានដែរ ឬទេ ក្នុងការជម្លៀសប្រជាជនហ្វីលីពីនជិត ២០០.០០០នាក់ ដែលកំពុងរស់នៅក្នុងកោះតៃវ៉ាន់ ប្រសិនបើជម្លោះផ្ទុះឡើង។

លោកស្រី Lazaro បានឆ្លើយតបថា៖ «យើងអាចធ្វើបែបនោះបាន»។ ហើយលោកស្រីបានបន្ថែមទៀតថា៖ «វាក៏ដល់ពេលហើយផងដែរ ក្នុងការលើកឡើងពីការពិភាក្សាទាំងនេះ»។
ការកត់សម្គាល់របស់លោកស្រី បានលេចឡើងបន្ទាប់ពីមានការព្រមានពីសំណាក់ប្រធានាធិបតី លោក Ferdinand Marcos Jr កាលពីដើមខែនេះ ដែលថា ហ្វីលីពីននឹងជៀសមិនរួចនោះឡើយ ក្នុងការចូលទៅពាក់ព័ន្ធនឹងជម្លោះ រវាងចិន និងកោះតៃវ៉ាន់ ប្រសិនបើវាផ្ទុះឡើង ដោយសារតែខ្លួននៅជិតកោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ។
លោកស្រី Lazaro និងមន្ត្រីផ្សេងទៀត បានបញ្ជាក់ទៅកាន់សមាជិកព្រឹទ្ធសភាថា វិធានការបន្ទាន់ មានរួចរាល់ហើយ ដើម្បីធ្វើប្រតិបត្តិការជួយ និងជម្លៀសប្រជាជនហ្វីលីពីន ក្នុងករណីមានសង្រ្គាម៕

