កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីកាលពីថ្ងៃពុធ បានជម្លៀសកុមារឈឺក្រុមទី១០ ចេញពីតំបន់ហ្កាហ្សាក្រោមគំនិតផ្តួចផ្តើមច្រករបៀងវេជ្ជសាស្ត្រហ្ស៊កដានី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធា។
ក្រុមនេះ រួមមានកុមារចំនួន ១៩នាក់ ដែលអមដោយសមាជិកគ្រួសារ ៦២នាក់ ។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសហ្ស៊កដានី សម្រាប់ការថែទាំនៅផ្នែកឯកទេស នៅក្នុងមន្ទីរពេទ្យក្នុងស្រុក។

សេចក្តីថ្លែងការណ៍ បានបន្តថា ការជម្លៀសនេះ ត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល ជាមួយក្រសួងសុខាភិបាលហ្ស៊កដានី និងអង្គការសុខភាពពិភពលោក។
ចាប់តាំងពីគំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឲ្យដំណើរការ ក្នុងខែមីនា កុមារចំនួន ១៥៣នាក់ និងសមាជិកគ្រួសារចំនួន ៣៦៥នាក់ ត្រូវបាននាំយកទៅកាន់ប្រទេសហ្ស៊កដានីតាមផ្លូវគោក និងផ្លូវអាកាសសម្រាប់ការថែទាំវេជ្ជសាស្រ្ត។
ព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានី បានប្រកាសកាលពីខែកុម្ភៈអំពីការត្រៀមខ្លួនរបស់ប្រទេសនេះ ក្នុងការទទួលកុមារប៉ាឡេស្ទីន រហូតដល់ ២.000នាក់ពីតំបន់ហ្កាហ្សាសម្រាប់ការព្យាបាល។
