រដ្ឋាភិបាលស្វីសបានឲ្យដឹងថា ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter និងនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បានជួបពិភាក្សាអំពីដំណើរការសន្តិភាព និងការកសាងឡើងវិញ នៅប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលមានជំនួប នៅទីក្រុង Bern នាថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) នេះ។
ជាមួយគ្នានេះ ប្រទេសទាំង២ បានប្រកាសពីគម្រោងចំនួន ១២ ដែលត្រូវបានដំណើរការដោយក្រុមហ៊ុនស្វីស និងគាំទ្រដោយរដ្ឋាភិបាលស្វីស ដែលជាផ្នែកមួយនៃការកសាងឡើងវិញនៅអ៊ុយក្រែន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនសាធារណៈ សុខភាព និងការបោសសម្អាតមីនមនុស្សធម៌។
ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស រួមមានក្រុមហ៊ុន Geberit ដែលគ្រោងនឹងដំឡើងគ្រឿងបរិក្ខារអនាម័យ ក្រុមហ៊ុន Divario ដែលនឹងសាងសង់លំនៅឋានត្រៀមប្រើប្រាស់ និងក្រុមហ៊ុន Roche Diagnostics ដែលនឹងបង្កើតមន្ទីរពិសោធន៍វេជ្ជសាស្រ្ត។
ហើយរដ្ឋាភិបាលស្វីស កំពុងផ្តល់ប្រាក់ប្រហែល ១០០លានហ្វ្រង់ស្វីស (១២៤,៧០លានដុល្លារ) ដើម្បីគាំទ្រដល់ក្រុមហ៊ុនទាំងនេះ៕