សហភាពអឺរ៉ុប (EU) បានកោះហៅបេសកជនរបស់ទីក្រុងមូស្គូ ប្រចាំនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) នេះ បន្ទាប់ពីការវាយប្រហារដ៏ធំលើទីក្រុងគីវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ និងបង្កការខូចដល់អគារបេសកកម្មការទូតរបស់ប្លុក នៅក្នុងទីក្រុងនេះ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយទៅកាន់សារព័ត៌មាននៅទីក្រុងប៊្រុចសែល បន្ទាប់ពីមានការវាយប្រហារនោះ ដោយចាត់ទុកនេះជាភស្តុតាង ដែលបង្ហាញថា «វិមានក្រឹមឡាំងនឹងមិនធ្វើអ្វីទាំងអស់» និងបានប្តេជ្ញាថា នឹងបន្ថែម «សម្ពាធខ្លាំងបំផុត» លើប្រទេសរុស្ស៊ី។
លោកស្រី Von der Leyen បានន្ថែមថា ការវាយប្រហារដោយយានដ្រូន និងមីស៊ីលពេញមួយយប់ «ក៏ជាការវាយប្រហារលើគណៈប្រតិភូរបស់យើងផងដែរ»។ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «នេះបង្ហាញថា វិមានក្រឹមឡាំងនឹងមិនធ្វើអ្វីទាំងអស់ ដើម្បីបញ្ឈប់អំពើភេរវកម្មលើអ៊ុយក្រែនឡើយ ដោយបានសម្លាប់ជនស៊ីវិល បុរស ស្ត្រី និងកុមារដោយងងឹតងងុល ហើយថែមទាំងកំណត់គោលដៅលើសហភាពអឺរ៉ុបទៀតផង»។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រកាសនៅលើបណ្ដាញសង្គម X ថា ប្លុកកំពុង «កោះអញ្ជើញបេសកជនរុស្ស៊ី ប្រចាំនៅទីក្រុងប្រ៊ុចសែល» ដោយព្រមានថា «បេសកកម្មការទូតមិនគួរក្លាយជាគោលដៅនៃការវាយប្រហារនោះទេ»។
នៅក្នុងវិធានការស្រដៀងគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេស បានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងមូស្គូលើទីក្រុងគីវ បានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់ និងធ្វើឲ្យខូចខាតអគារក្រុមប្រឹក្សារបស់អង់គ្លេស៕