គណៈកម្មការអឺរ៉ុប បានស្នើកាលពីថ្ងៃព្រហស្បតិ៍ (២៨ សីហា) ថា ប្លុកនេះនឹងដកពន្ធនាំចូលលើទំនិញឧស្សាហកម្មសហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយពន្ធរបស់អាមេរិកលើរថយន្តអឺរ៉ុបវិញ ជាផ្នែកដ៏សំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលប្លុកអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកាលពីខែមុន។

សំណើនេះជាជំហានដំបូងរបស់ប្លុកអឺរ៉ុប ក្នុងការអនុម័តកិច្ចព្រមព្រៀងក្របខណ្ឌរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃទី២៧ ខែកក្កដា ដែលមើលឃើញ ប្លុកនេះទទួលយកពន្ធ ១៥% យ៉ាងទូលំទូលាយ ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្មដ៏គ្រោះថ្នាក់។
សហរដ្ឋអាមេរិក បានយល់ព្រមបន្ថយពន្ធលើរថយន្តដែលផលិតក្នុងសហភាពអឺរ៉ុប មកត្រឹម ១៥% ដូចពន្ធទំនិញដែរ ពីអត្រា ២៧,៥% ពីមុន ចាប់ពីថ្ងៃដំបូងនៃខែដែលសំណើរបស់សហភាពអឺរ៉ុបនោះត្រូវដាក់បង្ហាញ - មានន័យថា គិតមកទល់ឥឡូវនេះគឺចាប់តាំងពីថ្ងៃទី១ ខែសីហា មកម្ល៉េះ។
ជំហាននេះបានបញ្ចប់ជម្លោះរវាងដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុតរបស់ពិភពលោក បើទោះបីជានោះជាកិច្ចព្រមព្រៀងមិនសូវស្មើភាពក៏ដោយ ដែលមើលឃើញទីក្រុងព្រុចសែល តម្រូវឱ្យកាត់បន្ថយពន្ធកាតព្វកិច្ចរបស់ខ្លួន និងទិញផលិតផលថាមពលរបស់អាមេរិកបន្ថែមទៀត ចំណែកទីក្រុងវ៉ាស៊ីនតោនវិញ បន្តរក្សាពន្ធលើ ៧០% នៃការនាំចេញរបស់សហភាពអឺរ៉ុប។
រដ្ឋាភិបាលប្លុកអឺរ៉ុប និយាយថា ពួកគេព្រមទទួលយកកិច្ចព្រមព្រៀងនេះ ដោយហៅជំហាននេះថាអាក្រក់តិចល្អជាងអាក្រក់ខ្លាំង ដោយសារលោក Trump ដំបូងឡើយគ្រោងដាក់ពន្ធ ៣០% លើទំនិញនាំចូលស្ទើរតែទាំងអស់របស់សហភាពអឺរ៉ុប៕

