មហាអំណាចអឺរ៉ុបទាំងបី គឺចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (២៨ សីហា) បានចាប់ផ្តើមជាផ្លូវការនូវដំណើរការរយៈពេល ៣០ថ្ងៃ ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ខ្លួន នៅក្នុងជំហានមួយទំនងជាធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងថែមទៀត រយៈពេលពីរខែបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានចោទមហាអំណាចអឺរ៉ុបទាំងបីនេះភ្លាមៗថា បានធ្វើឱ្យប៉ះពាល់ដល់ការទូត ហើយប្តេជ្ញាថា ទីក្រុងតេអេរ៉ង់ នឹងមិនឱនក្បាលដាក់សម្ពាធរបស់អឺរ៉ុបទាំងបីនេះឡើយ ជុំវិញការចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញក្រោម "យន្តការត្រឡប់ទៅស្ថានភាពដើម" មួយនេះ។
មហាអំណាចអឺរ៉ុបទាំងបីនេះបារម្ភថា ពួកគេនឹងបាត់បង់សមត្ថភាពនៅពាក់កណ្តាលខែតុលា ដោយសារតែអស់សុពលភាពកិច្ចព្រមព្រៀង ក្នុងការស្ដារទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ឡើងវិញ ដែលត្រូវលុបចោលក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា ការសម្រេចចិត្តនេះមិនមែនជាសញ្ញានៃការបញ្ចប់ការទូតទេ ហើយសមភាគីអាល្លឺម៉ង់របស់លោក គឺលោក Johann Wadephul បានជំរុញឱ្យអ៊ីរ៉ង់ ធ្វើកិច្ចសហប្រតិបត្តិការពេញលេញឥឡូវនេះ ជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ហើយត្រូវប្តេជ្ញាធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយអាមេរិក ក្នុងពេលមួយខែបន្ទាប់។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រិះគន់ការសម្រេចចិត្តនេះថា "ខុសច្បាប់ និងគួរឱ្យសោកស្តាយ" ប៉ុន្តែក៏ទុកទ្វារបើកចំហសម្រាប់ការចូលរួមចរចាបន្ថែមទៀតផងដែរ៕

