ភ្នំពេញ៖ អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រតិកម្មចំពោះអ្នកវាយប្រហារដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ និង៨ ខែមករា កន្លងទៅថា មិនបានអានលើកិច្ចព្រមព្រៀងទាំង៥ ចំណុច ដែលសម្រេចដោយមេដឹកនាំអាស៊ានទាំង ១០ នោះឡើយ។
ក្នុងបទសម្ភាសពិសេសជាមួយទូរទស្សន៍ BTV អតីតអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចាត់ទុក អ្នកដែលវាយប្រហារ ដោយក្នុងនោះ មានអ្នកនយោបាយអាស៊ានផងនោះ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅមីយ៉ាន់ម៉ា ថា ជាអ្នកមិនបានអាន និងមិនបានយល់ពីខ្លឹមសារនៃកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ ទាំង៥ចំណុច ដែលសម្រេចដោយកិច្ចប្រជុំពិសេសរបស់អាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ នៅប្រទេសឥណ្ឌូនេស៊ី ហើយពេលនោះការសម្រេចនេះ មានការចូលរួមពីលោក អោង មីង ឡាំង ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បន្ថែមថា គោលការណ៍ទាំង៥ចំណុច ដែលបានព្រមព្រៀងគ្នានោះ លើបញ្ហាមីយ៉ាន់ម៉ានោះ ទី១ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់, ទី២ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, ទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ទី៤ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥ គឺប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
ជាការកត់សម្គាល់ ប្រតិកម្មរបស់អតីតអ្នកការទូតកម្ពុជា បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានវាយប្រហារទៅលើដំណើរទស្សនិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ និង ៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ ដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា គឺដើម្បីចូលរួមចំណែកបន្ធូរបន្ថយស្ថានភាពអំពើហិង្សានៅក្នុងប្រទេសនេះ៕ អត្ថបទ៖ ជា ធីរិទ្ធ