ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់ក្រុមមេដឹកនាំអឺរ៉ុប ក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ (២៨ សីហា) ថា ការកំណត់និយមន័យច្បាស់លាស់នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ជាចំណុចសំខាន់ខ្លាំងណាស់ ដើម្បីជាផ្នែកនៃផែនការធានាដំណោះស្រាយសន្តិភាពជាមួយរុស្ស៊ី បន្ទាប់ពីសង្គ្រាមជាង ៣ឆ្នាំមកនេះ ខណៈការវាយប្រហារកាន់តែខ្លាំងក្លាឡើង។

កិច្ចប្រជុំអនឡាញនោះធ្វើឡើងជាមួយប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki និងមេដឹកនាំនៃប្រទេសអេស្តូនី ឡាតវី លីទុយអានី និងដាណឺម៉ាក ដែលរៀបចំនៅក្នុងប៉ូឡូញ ហើយបានកើតឡើងបន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដ៏បង្ហូរឈាមរបស់រុស្ស៊ី ពេញមួយយប់លើទីក្រុងគីវ ដែលមន្ត្រីក្នុងតំបន់រាយការណ៍ថា បានសម្លាប់មនុស្សជាង ២០នាក់។
លោក Zelenskiy បាននិយាយថា អ្នកចូលរួមកិច្ចប្រជុំបាន "ធ្វើសមកាលកម្ម" នៃជំហរ (ពោលគឺការដាក់ជំហរឱ្យស្របគ្នា) ដោយស្វះស្វែងរកសម្ពាធកាន់តែខ្លាំងលើរុស្ស៊ី មុនពេលកិច្ចប្រជុំការទូតស្តីពីជម្លោះអ៊ុយក្រែន ដែលចាប់ផ្តើមជាមួយនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី លើប្រទេសជិតរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំនោះ លោក Zelenskiy លើកឡើងថា អ៊ុយក្រែនជឿជាក់ថា មេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin នៅតែចាប់អារម្មណ៍ក្នុងការបន្តសង្រ្គាមប៉ុណ្ណោះ។ លោក Zelenskiy បន្តថា អ៊ុយក្រែនត្រូវការមូលដ្ឋានរឹងមាំសម្រាប់ការធានាសន្តិសុខ ដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានយល់ព្រម ហើយដែលស្ថិតនៅក្រោមការពិភាក្សាអស់ពេលមួយសប្តាហ៍មកហើយ ព្រមទាំងការយល់ឃើញរួមគ្នា ដែលថាលោក Putin សមនឹងទទួលបានសម្ពាធបន្ថែមទៀត៕


