ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថាមនុស្សយ៉ាងហោចណាស់ ៦១ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងដែនដីហ្កាហ្សា ចាប់តាំងពីព្រឹកព្រលឹមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រួមទាំងអ្នកស្វែងរកជំនួយ១៩ នាក់ផងដែរ ខណៈក្រុមអ្នកស្រុករាយការណ៍ពីការទម្លាក់គ្រាប់បែករបស់យោធាកាន់តែសន្ធាប់ខ្លាំងនៅសង្កាត់ភាគខាងកើតនិងភាគខាងត្បូងនៃទីក្រុងហ្កាហ្សា ។

យោធាអ៊ីស្រាអែលបាននឹងកំពុងត្រៀមវាយដណ្តើមយកទីក្រុង ហ្កាហ្សា ដែលជាមជ្ឈមណ្ឌលធំបំផុតចំកណ្ដាលតំបន់នេះ ទោះមានការអំពាវនាវជាអន្តរជាតិឱ្យពិចារណាឡើងវិញចំពោះសកម្មភាពនេះក៏ដោយ ជុំវិញការភ័យខ្លាចថាប្រតិបត្តិការនេះនឹងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើនថែមទៀត និងជម្លៀសប្រជាជនប៉ាឡេស្ទីនប្រហែលមួយលាននាក់ដែលស្នាក់នៅទីនោះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ស្ថិតក្នុងចំណោមអ្នកដែលរិះគន់យុទ្ធនាការនេះ ដោយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នេះជាសញ្ញានៃដំណាក់កាលថ្មី និងគ្រោះថ្នាក់ក្នុងសង្គ្រាម។
លោកនិយាយថា ប្រតិបត្តិការយោធាដែលបានពង្រីកនៅក្នុងទីក្រុង ហ្កាហ្សា នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ជនស៊ីវិលរាប់ម៉ឺននាក់ ដែលអស់កម្លាំង និងបាក់ទឹកចិត្តរួចហើយ នឹងត្រូវបង្ខំឱ្យភៀសខ្លួនចេញម្តងទៀត ដោយរុញច្រានគ្រួសារទាំងឡាយឱ្យធ្លាក់ចូលក្នុងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ដោយអំពាវនាវឲ្យមានទំនួលខុសត្រូវសម្រាប់ភាពរន្ធត់គ្មានទីបញ្ចប់នេះ។
នៅទីក្រុងហ្កាហ្សា អ្នកស្រុកបាននិយាយថា ក្រុមគ្រួសារនានា កំពុងភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយភាគច្រើនកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ខណៈកងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើសង្កាត់ Shujayea, Zeitoun និង Sabra ៕

