ប្រភពបីរបស់រុស្ស៊ីបាននិយាយថា ពាណិជ្ជកម្មរុស្ស៊ី-ចិន ដែលកើនឡើងដល់កម្រិតកំណត់ត្រា ខណៈសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យទីក្រុងមូស្គូឯកោនោះ ហើយឥឡូវនេះកំពុងធ្លាក់ចុះ លោកប្រធានាធិបតី Vladimir Putin កំពុងសម្លឹងឃើញការងើបឡើងវិញខាងពាណិជ្ជកម្មរបស់ចិននៅពេលលោកត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី Xi Jinping ។

នៅពេលដៃគូលោកខាងលិចកាត់ផ្ដាច់ទំនាក់ទំនងជាមួយរុស្ស៊ីបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ប្រទេសចិនបានជួយសង្គ្រោះដោយទិញប្រេងពីរុស្ស៊ី និងការលក់ទំនិញចាប់ពីរថយន្តរហូតដល់គ្រឿងអេឡិចត្រូនិច ដែលជំរុញឱ្យពាណិជ្ជកម្មទ្វេភាគីឈានដល់កំណត់ត្រាមួយ ក្នុងទំហំទឹកប្រាក់២៤៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ។

ទិន្នន័យគយចិនដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ដោយសារការធ្លាក់ចុះនៃការនាំចូលរថយន្តទៅកាន់ប្រទេសរុស្ស៊ី និងការធ្លាក់ចុះនៃការនាំចេញប្រេងទៅកាន់ប្រទេសចិន ចំណូលពាណិជ្ជកម្មបានធ្លាក់ចុះ ៨,១% បើធៀបទៅនឹងឆ្នាំមុន ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២៥ ។

បញ្ហានេះ កំពុងបង្កឱ្យមានការព្រួយបារម្ភនៅទីក្រុងមូស្គូ មុនពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងកំពង់ផែ Tianjin ភាគខាងជើងរបស់ប្រទេសចិននៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។
បុគ្គលមួយរូប ដែលជាប់ពាក់ព័ន្ធក្នុងការរៀបចំសម្រាប់ការធ្វើដំណើររបស់លោក Putin បាននិយាយថា ដោយសុំមិនបញ្ចេញឈ្មោះថា មុនដំណើរទស្សនកិច្ចនេះ មន្ត្រីទាំងសងខាងកំពុងស្វែងរកមធ្យោបាយដើម្បីបង្កើនពាណិជ្ជកម្ម ព្រោះចំនួនបច្ចុប្បន្នមើលទៅមិនល្អទេ៕