ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលហ៊ានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ បានហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា ជាអ្នកការទូតមិនយល់ពីសិល្បៈការទូត ហើយព្រហើនហ៊ានប្រើសម្តីវាយប្រហារលើប្រធានអាស៊ាន។
នៅព្រឹកថ្ងៃទី២១ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន បានមានជំនួបពិភាក្សាការងារតាមទូរ ស័ព្ទជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលតាមរយៈជំនួបនេះ សម្ដេចតេជោ បានថ្លែងលើកឡើងថា «ថ្វីត្បិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការងារក្នុងក្របខណ្ឌគណបក្សប្រឆាំង នាពេលកន្លងទៅក៏ដោយ ប៉ុន្តែមិនគួរណាក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាអ្នកការទូតមួយរូប បែរជាប្រើពាក្យសំដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ»។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានផ្តល់បទសម្ភាសន៍ជាមួយព័ត៌មាន Aljazeera ដោយបានវាយប្រហារទៅលើដំណើរទស្សនកិច្ចរបស់ម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅនេះ។
សម្តេចតេជោ បានបញ្ជាក់ថា ទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា គឺដើម្បីដាំដើមឈើ មិនមែនទៅកាប់ឈើទេ។ ហើយការដាំដើមឈើនេះ មិនមែនដាំមួយថ្ងៃហើយ រំពឹងថាបានផ្លែផ្កាភ្លាមនោះទេត្រូវទាមទារពេលវេលា។ ដំណោះស្រាយនយោបាយដែលមានលក្ខណៈយូរអង្វែង គឺទាមទារពេលវេលា និងធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយ» ៕អត្ថបទ៖ មុត សុទ្ធ