ប្រធានកម្មវិធីស្បៀងអាហារពិភពលោក WFP បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍ (២៨ សីហា) ថា ជំនួយស្បៀងអាហារកាន់តែច្រើនកំពុងទៅដល់តំបន់ហ្កាហ្សា ប៉ុន្តែទោះយ៉ាងនេះក្ដីក៏នៅតែមិនគ្រប់គ្រាន់ឡើយដើម្បីទប់ស្កាត់ភាពអត់ឃ្លានដែលកំពុងរីករាលដាលក្នុងដែនដីហ៊ុមព័ទ្ធមួយនេះ។

ថ្លែងពីទីក្រុងហ្សេរុយសាឡិម នាយកប្រតិបត្តិ WFP លោកស្រី Cindy McCain បាននិយាយថា "ក្រុមជំនួយ WFP កំពុងទទួលបានអាហារតិចតួចបន្ថែមទៀត ហើយកំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែកំណើនបន្តិចនេះមិនគ្រប់គ្រាន់ទេក្នុងការធ្វើឱ្យប្រាកដថា អ្នកស្រុកប៉ាឡេស្ទីនមិនខ្វះអាហារូបត្ថម្ភ និងមិនអត់ឃ្លានបន្តទៅទៀត"។
លោកស្រី McCain និយាយថា WFP ឥឡូវនេះអាចដឹកជញ្ជូនរថយន្តជំនួយប្រហែល ១០០គ្រឿង ក្នុងមួយថ្ងៃទៅកាន់ហ្កាហ្សា ប៉ុន្តែតួលេខនេះតិចណាស់បើធៀបនឹងរថយន្ត ៦០០គ្រឿងរៀងរាល់ថ្ងៃ ក្នុងអំឡុងបទឈប់បាញ់ពីរខែដែលបញ្ចប់នៅពាក់កណ្តាលខែមីនា។ ទីភ្នាក់ងារសម្របសម្រួលជំនួយ COGAT របស់យោធាអ៊ីស្រាអែល ដែលត្រួតពិនិត្យលំហូរជំនួយចូលតំបន់នេះ អះអាងថា ក្នុងមួយថ្ងៃៗមានរថយន្តជំនួយមនុស្សធម៌ជាង ៣០០គ្រឿង ចូលហ្កាហ្សា ដែលភាគច្រើនដឹកស្បៀងអាហារ។
កង្វះស្បៀងនេះកើតឡើងបន្ទាប់ពីរបាយការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន របស់អង្គភាពឃ្លាំមើលភាពអត់ឃ្លានសកល គឺអង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម IPC ដែលបានប្រកាសថា មនុស្សប្រមាណ ៥១៤.០០០នាក់ — ពោលគឺជិតមួយភាគបួននៃប្រជាជនសរុបនៅតំបន់ហ្កាហ្សា — កំពុងជួបប្រទះស្ថានភាពគ្រោះទុរ្ភិក្សនៅក្នុងទីក្រុងហ្កាហ្សា និងតំបន់ជុំវិញនោះ៕

