ភ្នំពេញ៖ ដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តមសាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិវេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាស្ថានវេជ្ជសាស្រ្តចិន ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវេជ្ជសាស្រ្តបុរាណ។
នៅថ្ងៃនេះលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម សាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិវេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាស្ថានវេជ្ជសាស្រ្តចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូ នឹងជួបពិភាក្សាជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិន ព្យាបាលជំងឺកូវីដ-១៩ មកកម្ពុជា រយៈពេលមួយឆ្នាំ ដើម្បីជួយពង្រឹងសមត្ថភាពមន្រី្តសុខាភិបាលកម្ពុជា ក្នុងការប្រើប្រាស់វេជ្ជសាស្រ្តបុរាណចិន សម្រាប់ព្យាបាលជំងឺកូវីដ-១៩៕




