តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ និងការសាងសង់ផ្ទះ ព្រមទាំងការស្តារប្រឡាយឡើងវិញសម្រាប់បម្រើជូនអតីតយុទ្ធជន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងពេលចុះពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តការពិនិត្យលើតម្រូវការជាក់ស្តែង និងដោះស្រាយជូនអតីតយុទ្ធជនគ្រប់រូបដែលជួបការលំបាក ដើម្បីផ្តល់ដី និងផ្ទះសម្រាប់កសាងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តម អគ្គលេខាធិការ ថ្លែងទៀតថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការស្ថាបនាផ្លូវ និងការស្តារប្រឡាយនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃជូនអតីតយុទ្ធជន និងក្រុមគ្រួសារ។
ឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។
ឯកឧត្តម អគ្គលេខាធិការ បន្ថែមថាថា ក្នុងន័យនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជនចុះដោយការចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕










