វាយកូនបាល់៖ កីឡាករវាយកូនបាល់ស្កុតឡេនអតីតលំដាប់លេខ ១ ពិភពលោក Andy Murray បានធ្លាក់ចេញពីការប្រកួត Grand Slam, Australian Open ហើយត្រឹមជុំទី២ ប៉ុណ្ណោះក្រោយចាញ់កីឡាករជប៉ុន Taro Daniel ដែលមានលំដាប់ថ្នាក់លេខ ១២០ ពិភពលោក។ នេះជាការប្រកួតដែលមានទំរង់លេងធ្លាក់ចុះខ្លាំងសំរាប់ Andy Murray បើប្រៀបធៀបនឹងជ័យជំនះកាលពីជុំទី១ លើកីឡាករ Nikoloz Basilashvili។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះមិនអាចតដៃបានសូម្បីតែមួយសិតខណៈ Taro Daniel យកឈ្នះបីសិតផ្ទួនៗ ៦-៤, ៦-៤ និង ៦-៤។ បរាជ័យរបស់ Andy Murray មានន័យថា ចក្រភពអង់គ្លេសនៅសល់តែកីឡាករ Dan Evans ប៉ុណ្ណោះនៅ Australian Open ឆ្នាំនេះ។ ងាកមកកីឡាករក្រិក Stefanos Tsitsipas មិនមានបញ្ហាទេដោយបានបន្តដំណើរទៅជុំទី៣ បន្តទៀតក្រោយយកឈ្នះកីឡាករអាហ្សង់ទីន Sebastian Baez លទ្ធផល ៣-១ ពិន្ទុ ៧-៦(៧-១), ៦-៧(៥-៧), ៦-៣ និង ៦-៤។ ការប្រកួតដែលចំណាយពេលអស់ ៣ម៉ោង ២២នាទី Stefanos Tsitsipas ដែលធ្លាប់មានមុខនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open នេះ ២លើកនឹងបន្តជួបជាមួយកីឡាករប៊ុលហ្ការី Grigor Dimitrov។
ចំណែកកីឡាករលំដាប់ទី៥ Andrey Rublev បានបន្តដំណើរទៅជុំទី៣ ផងដែរក្រោយយកឈ្នះកីឡាករលីទុយអានី Ricardas Berankis បីសិតផ្ទួនៗ ៦-៤, ៦-២ និង ៦-០។ កីឡាករវ័យ ២៤ឆ្នាំរូបនេះនឹងបន្តទៅជុំទី៣ ជួបជាមួយកីឡាករក្រូអាស៊ី Marin Cilic ដែលបានយកឈ្នះកីឡាករ Norbert Gombos។ ជាមួយគ្នានោះដែរកីឡាករម្ចាស់ផ្ទះអូស្ត្រាលី Alex de Minaur បានបន្តដំណើរទៅមុខផងដែរក្រោយយកឈ្នះលើកីឡាករប៉ូឡូញ Kamil Majchrzak ៦-៤, ៦-៤ និង ៦-៤៕
អត្ថបទ៖នាង សុភាវុធ