ទូរទស្សន៍ al-Masirah បានរាយការណ៍ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះ បានកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់របស់់ក្រុមហ៊ួទី។
អ្នកស្រុកបាននិយាយថា ពួកគេបានឮសំឡេងយន្តហោះចម្បាំង និងបានឃើញការផ្ទុះដ៏ធំប្រហែល ១០គ្រាប់ នៅភាគខាងត្បូងនៃទីក្រុង Sanaa រួមទាំងភ្នំ Attan ទីលាន Al-Sabeen និងជំរំសន្តិសុខកណ្តាល។

ក្រុមហ៊ួទី មិនទាន់បង្ហាញពីទីតាំងដែលជាគោលដៅ ឬ ចំនួនស្លាប់និងរបួស នៅឡើយទេ។
យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងទ័ពអាកាសរបស់ខ្លួន បានវាយប្រហារទៅលើ «គោលដៅយោធា» របស់ក្រុមហ៊ួទី នៅក្នុងទីក្រុង Sanaa ដោយមិនបានប្រាប់ពីលទ្ធផលនៃការវាយប្រហារនោះទេ។
វិទ្យុកងទ័ពរដ្ឋរបស់អ៊ីស្រាអែល បាននិយាយថា៖«មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ួទីមួយចំនួនធំ» បានប្រមូលផ្តុំគ្នា នៅទីតាំងជាច្រើន ក្នុងទីក្រុង Sanaa ហើយ«ពួកគេទាំងអស់ ត្រូវបានវាយប្រហារ ក្នុងពេលដំណាលគ្នា ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ»។
