អាហ្វ្រិក៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានជំរុញឱ្យប្រទេសនានា បន្ធូរបន្ថយវិធានការរឹតត្បិតលើការធ្វើដំណើរពីទ្វីបអាហ្វ្រិក ដោយលើកឡើងពីការថយចុះយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅទ្វីបនេះ។ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាហ្វ្រិកលោកស្រី Matshidiso Moeti បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទ្វីបនេះកំពុងមើលឃើញការថយចុះគួរឱ្យកត់សម្គាល់ នៅក្នុងករណីឆ្លងវីរុសថ្មីជាលើកដំបូងចាប់តាំងពីការចាប់ផ្តើម នៃរលកដែលជំរុញដោយវីរុសបម្លែងខ្លួនថ្មី Omicron។

លោកស្រី Moeti បាននិយាយថា ប្រទេសអាហ្វ្រិកខាងត្បូងដែលវីរុសបម្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញដំបូងបានកត់ត្រានិន្នាការធ្លាក់ចុះនៃករណីឆ្លងថ្មី។ ប៉ុន្តែលោកស្រីបានព្រមានថា ករណីឆ្លងបានកើនឡើងនៅអាហ្វ្រិកខាងជើង។ ការរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Omicron នៅក្នុងទ្វីបអាហ្វ្រិកបានជំរុញឱ្យប្រទេសនានា ដាក់កម្រិតលើការធ្វើដំណើរពីប្រទេសនៅទ្វីបអាហ្វ្រិក និងដាក់ឱ្យធ្វើចត្តាឡីស័កលើអ្នកធ្វើដំណើរមកដល់ពីទ្វីបនេះក្នុងរយៈពេលយូរ។ លោកស្រី Moeti បានអំពាវនាវឱ្យមានការបន្ធូរបន្ថយវិធានការដោយលើកហេតុផលថា វិធានការទាំងនេះលែងជាហេតុផលទៀតហើយ ខណៈវីរុសបម្លែងខ្លួនថ្មី Omicron បានរាលដាលនៅជុំវិញពិភពលោក។ ជាគោលការណ៍ រដ្ឋាភិបាលជប៉ុនបានហាមប្រាមការចូលមកថ្មីរបស់ជនបរទេស ដើម្បីទប់ស្កាត់ការរាលដាលវីរុស Omicron។ វិធានការតម្រូវឱ្យប្រជាជនជប៉ុនដែលត្រឡប់មកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅកន្លែងដែលបានកំណត់រយៈពេល ៣ ទៅ ១០ថ្ងៃ។ អ្នកមកដល់ពីប្រទេសអាហ្វ្រិកចំនួន ១១ប្រទេសរួមទាំងអាហ្វ្រិកខាងត្បូងត្រូវតែស្នាក់នៅ ក្នុងទីតាំងធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ។ ពាណិជ្ជករជប៉ុននៅអាហ្វ្រិកកំពុងអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញ នូវរយៈពេលនៃការធ្វើចត្តាឡីស័ក៕
អត្ថបទ៖ ប៊ុនថន