លោក Roger Wicker ដែលជាប្រធានគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបមកពីគណបក្សសាធារណរដ្ឋ និងស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់សម្រាប់កោះតៃវ៉ាន់ នៅក្នុងសភាសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងតៃប៉ិនាថ្ងៃសុក្រនេះ ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខ ចំពេលកើតមានការគំរាមកំហែងកើនឡើងពីចិន ។
លោក Wicker និយាយថា លោកបំពេញទស្សនកិច្ចនេះ ដើម្បីពង្រឹង និងសង្កត់ធ្ងន់លើភាពជាដៃគូដ៏អស្ចារ្យដែលសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់មានជាមួយគ្នា ហើយនិងបន្តមាននៅពេលអនាគត ។
លោកបន្តថា ពួកយើងនៅទីនេះ ដើម្បីជជែកគ្នាជាមួយមិត្តរបស់ពួកយើង និងសម្ព័ន្ធមិត្តរបស់ពួកយើងនៅកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងអ្វីដែលពួកយើងនឹងធ្វើ ដើម្បីជំរុញសន្តិភាពសកលលោក សន្តិភាពណាមួយតាមរយៈកម្លាំងដែលលោក Ronald Reagan ធ្លាប់និយាយ ។

លោកបញ្ជាក់ទៀតថា ពួកយើងនៅទីនេះ ដើម្បីធ្វើការសង្កត់ធ្ងន់ឡើងវិញពីភាពជាដៃគូ និងកិច្ចព្រមព្រៀងមេត្រីភាពសន្តិសុខដែលសហរដ្ឋអាមេរិកធ្លាប់មានជាមួយកោះតៃវ៉ាន់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។
កាលពីខែមុន ស្ថានទូតចិន បានជំរុញឲ្យលោក Wicker និងក្រុមតំណាងរាស្រ្តផ្សេងទៀត លុបចោលផែនការរបស់ពួកគេ ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ។ ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួននោះ តែងតែបរិហារការបង្ហាញការគាំទ្រណាមួយដល់ទីក្រុងតៃប៉ិ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ហើយនិងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះមួយនេះ បើទោះបីជាពួកគេខ្វះខាតទំនាក់ទំនងការទូតផ្លូវការក៏ដោយ ៕
