
ព្រះសីហនុ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអៈអាងថា៖ «ទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និងប្រជាជាតិនៅគ្រប់កាលៈទេសៈ។
ការថ្លែងរបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា យ៉ាងដូច្នេះ នាឱកាសជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក. ខេត្តព្រះសីហនុ, នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ, ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត សមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ទោះឈរលើមូលដ្ឋានស្ម័គ្រចិត្តក្ដី ប៉ុន្តែសកម្មភាពដែលសមាជិក សមាជិការបស់យើងគ្រប់ៗរូប បានចូលរួម និងសម្រេចបានជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់បំផុត របស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា គ្រប់រូប។
ឯកឧត្ដម ក៏បានឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅមុខ ដោយមានប្រសាសន៍ថា៖ «បើទោះជាក្តីស្រមៃ ផ្នត់គំនិត និងការអនុវត្តរបស់យើងជាបុគ្គលម្នាក់ៗ តែងមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ាងណាបណ្តុះ និងកសាងការឯកភាពលើទស្សនជាខ្មែរ សម្រាប់ចក្ខុវិស័យវែងឆ្ងាយរបស់សង្គមកម្ពុជា។
ជាមួយគ្នានោះដែរឯកឧត្ដម គួច ចំរើន បានសរសើរដល់យុវជន ស.ស.យ.ក. ខេត្តព្រះសីហនុ ក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងអជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការងារសង្គម មនុស្សធម៌ ជាពិសេសការងារលើកស្ទួយកិត្តិយសជាតិ ស្របតាមឆន្ទៈ និងបេសកកម្មរបស់ស.ស.យ.ក។
សកម្មភាពទាំងអស់នេះ ពិតជាបានបម្រើប្រយោជន៍ និងបានទាក់ទាញទឹកចិត្តមហាជន ប្រជាពលរដ្ឋ យុវជនគ្រប់ស្រទាប់វណ្ណៈ។ ស.ស.យ.ក. ខេត្តព្រះសីហនុ បានចូលរួមក្នុងការទប់ស្កាត់កូវីដ-១៩ ក្នុងខេត្ត យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការជួយសម្រាលទុកលំបាកផ្សេងៗ ជាពិសេសចំពោះចាស់ជរា និងកុមារ នៅតាមមូលដ្ឋាន និងថ្មីៗនេះការសម្របសម្រួលការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងខេត្តផងដែរ៕អត្ថបទ៖ រដ្ឋា




