ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក Igor Morgulov បាននិយាយថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ខ្លួន ទៅកាន់ទីផ្សាររបស់ប្រទេសចិន។

លោកបាននិយាយថា៖«ថ្នាក់ដឹកនាំនៃប្រទេសរបស់យើងទាំងពីរ បានដាក់អាទិភាពខ្ពស់បំផុតលើការបង្កើនដោះដូរកសិផល និងគ្រឿងឧបភោគបរិភោគ។ វិស័យនេះ បានក្លាយជាកត្តាជំរុញមួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរុស្ស៊ី-ចិន រួចទៅហើយ។ ចំណែកនៃទំនិញកសិកម្មក្នុងការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសចិន កំពុងកើនឡើងជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ មានប្រហែល ៦%។ កាលពីឆ្នាំមុន ទំហំនាំចេញ បានឈានដល់ $៧,៣ ពាន់លានដុល្លារ។ នេះគឺជាតួលេខដ៏រឹងមាំមួយ ដូច្នេះខ្ញុំជឿជាក់លើវិស័យនេះយ៉ាងពិតប្រាកដ។
ប្រទេសរបស់យើងត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រីកការនាំចេញផលិតផលកសិកម្ម និងអាហារដែលមានគុណភាពខ្ពស់ ទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិន»។
