តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) នៅថ្ងៃសុក្រ (ទី២៩ ខែសីហា) ដោយសារការរំលោភលើក្រមសីលធម៌ បន្ទាប់ពីលោកស្រីចូលបំពេញតួនាទីត្រឹមតែ ១ឆ្នាំ ដោយការសម្រេចនេះជាប៉ះទង្គិចដ៏ធំមួយផ្សេងទៀតដល់ការធ្វើនយោបាយនៃត្រកូលស៊ីណាវ៉ាត់ ដែលអាចនាំឲ្យមានភាពចលាចលថ្មី។
លោកស្រី Paetongtarn ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតរបស់ថៃ ក្លាយជានាយករដ្ឋមន្ត្រីទី៦ មកពី ឬគាំទ្រដោយគ្រួសារស៊ីណាវ៉ាត់ ដែលត្រូវបានធ្វើឲ្យធ្លាក់ចេញពីអំណាចដោយយោធា ឬប្រព័ន្ធតុលាការនៅក្នុងសមរភូមិដ៏រំជើបរំជួលរយៈពេល ២ទសវត្សរ៍ ដើម្បីដណ្ដើមអំណាច រវាងឥស្សរជនដែលកំពុងមានជម្លោះជាមួយគ្នារបស់ប្រទេស។ នៅក្នុងសាលក្រមរបស់ខ្លួន តុលាការបានលើកឡើងថា លោកស្រី Paetongtarn បានរំលោភលើក្រមសីលធម៌ បន្ទាប់ពីបានធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ដោយសារបញ្ហាផ្សេងៗ។

ការសម្រេចនេះបើកផ្លូវឲ្យមានការបោះឆ្នោតដោយសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាដំណើរការមួយដែលអាចនឹងប្រព្រឹត្តទៅដោយយឺតយ៉ាវ ដោយសារគណបក្ស Pheu Thai (ភឿថៃ) ដែលកំពុងកាន់អំណាចរបស់លោកស្រី Paetongtarn បាត់បង់ឥទ្ធិពលក្នុងការចរចា និងពិបាកក្នុងការរក្សាសម្ព័ន្ធភាពដ៏ផុយស្រួយជាមួយនឹងសំឡេងភាគច្រើនដ៏ស្ដួចស្តើងខ្លាំងនេះ។
លោកស្រី Paetongtarn គឺជានាយករដ្ឋមន្ត្រីទី៥ ក្នុងរយៈពេល ១៧ឆ្នាំដែលត្រូវបានដកចេញដោយតុលាការធម្មនុញ្ញ ដោយគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ស្ថាប័ននេះ នៅក្នុងការតស៊ូដណ្ដើមអំណាចមិនដាច់ស្រាច់ រវាងរដ្ឋាភិបាលជាប់ឆ្នោតនៃត្រកូលស៊ីណាវ៉ាត់ និងក្រុមអភិរក្សដ៏មានអំណាច និងឧត្តមសេនីយ៍រាជានិយម៕
