ប្រធានាធិបតីបារាំងលោក អេម៉ានុយក្រែន ម៉ាក្រុង( Emmanuel Macron) បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់បារាំង ចំពោះអធិបតេយ្យភាព និងសន្តិសុខលីបង់ នៅថ្ងៃសុក្រនេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល ដែលបានសម្លាប់ទាហានលីបង់ ពីរនាក់ នៅក្នុងទីក្រុង Naqoura ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោក ម៉ាក្រុង បានថ្លែងថា លោកបាននិយាយជាមួយប្រធានាធិបតីលីបង់លោក Joseph Aoun និងនាយករដ្ឋមន្ត្រីលោក Nawaf Salam ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខរបស់ប្រទេសនេះ និងផ្លូវឆ្ពោះទៅមុខ។

លោកប្រធានាធិបតីបារាំង បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលីបង់ ក្នុងការអះអាងឡើងវិញនូវសិទ្ធិអំណាចរបស់រដ្ឋក្នុងការគ្រប់គ្រងអាវុធ និងបានប្រកាសពីគំនិតផ្តួចផ្តើមការទូតថ្មី ដើម្បីគាំទ្រដល់ស្ថិរភាព និងការកសាងឡើងវិញ។
លោក ម៉ាក្រុង បាននិយាយថា៖«ខ្ញុំសូមសរសើរការសម្រេចចិត្តដ៏ក្លាហាន ដែលធ្វើឡើងដោយនាយកប្រតិបត្តិលីបង់ ដើម្បីស្តារភាពផ្តាច់មុខរបស់រដ្ឋលើការប្រើប្រាស់កម្លាំង» ដោយជំរុញឲ្យរដ្ឋាភិបាលលីបង់អនុម័តផែនការជាតិដែលរំពឹងថា នឹងបង្ហាញដល់គណៈរដ្ឋមន្ត្រី នៅថ្ងៃខាងមុខ។
