
ត្បូងឃ្មុំ៖ ហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយមបានផ្សព្វផ្សាយថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាព នៃគម្រោងការពារច្រាំងទន្លេមេគង្គចំនួន ៣ ទីតាំងក្នុងនោះ មានដូចជា គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៥០០ ម៉ែត្រ ស្ថិតនៅឃុំជីរោទិ៍១ និងឃុំរការធំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ២.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ១.៩៥០ ម៉ែត្រ ស្ថិតនៅឃុំក្រូចឆ្មារ និងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ៣.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៧០០ ម៉ែត្រ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជារួមក្រុមការងារ បានពិនិត្យវាយតម្លៃឃើញថា គម្រោងការពារច្រាំងទន្លេទាំង៣ទីតាំងនេះ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ៕ ដោយ៖ គង់ ឌិន





