តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra នៅថ្ងៃសុក្រ (២៩ សីហា) ពីបទបំពានក្រមសីលធម៌ ក្រោយឡើងកាន់អំណាចបាន ១ឆ្នាំ។
សេចក្ដីម្រេចនេះធ្វើឲ្យប្រទេសនេះធ្លាក់ទៅក្នុងភាពមិនប្រាកដប្រជាខាងនយោបាយ ដោយមិនទាន់មានបេក្ខជនជាក់ស្ដែង ដើម្បីស្នងតំណែងលោកស្រីនៅឡើយទេ។
លោកស្រី Paetongtarn ត្រូវបានផ្អាកពីតួនាទី តាំងពីថ្ងៃទី១ ខែកក្កដា បន្ទាប់ពីរងការចោទប្រកាន់ថា បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសថៃ។ នៅក្នុងសុន្ទរកថាខ្លីមួយ បន្ទាប់ពីមានសាលក្រមនោះ លោកស្រី Paetongtarn បាននិយាយថា លោកស្រីទទួលយកការសម្រេចរបស់តុលាការ។

ឧបនាយករដ្ឋមន្ត្រី លោក Phumtham Wechayachai និងខុទ្ទកាល័យបច្ចុប្បន្ន នឹងត្រួតពិនិត្យរដ្ឋាភិបាល ក្នុងឋានៈចាំផ្ទះនេះ រហូតដល់នាយករដ្ឋមន្ត្រីថ្មី ត្រូវបានជ្រើសរើសដោយសភា ដោយមិនកំណត់ពេលវេលាថា ត្រូវធ្វើឡើងនៅពេលណានោះទេ។
មានមនុស្ស ៥នាក់ដែលមានសិទ្ធិក្លាយជានាយករដ្ឋមន្ត្រី ហើយមានតែម្នាក់ប៉ុណ្ណោះមកពីគណបក្សភឿថៃ គឺលោក Chaikasem Nitisiri វ័យ ៧៧ឆ្នាំ ជាអតីតអគ្គមេធាវីមិនសូវមានបទពិសោធន៍ ក្នុងគណៈរដ្ឋមន្ត្រី ពោលគឺជាអ្នកនយោបាយមិនសូវលេចធ្លោ៕
