ក្រុមមន្រ្តីមកពីអារ៉ាប់រួម បានបំពេញទស្សនកិច្ចទៅកាន់រោងចក្របន្សុតទឹកប្រៃនៅទីក្រុង Rafah ប្រទេសអេហ្ស៊ីប ដែលទីតាំងមួយនេះ ត្រូវបានបង្កើតឡើងសម្រាប់បូមទឹកបន្សុតរួចទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប ។
ក្រុមមន្រ្តីនិយាយថា គម្រោងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “Operation Chivalrous Knight” របស់រដ្ឋាភិបាលអារ៉ាប់រួម ដើម្បីផ្តល់ការគំាទ្រផ្នែកមនុស្សធម៌សម្រាប់ជនប៉ាឡេស្ទីន អំឡុងជម្លោះកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា ។

បំពង់បង្ហូរទឹកដែលនឹងបូមទឹកសាបចូលទៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបង្កើតឡើងចេញពីទីក្រុង Rafah គឺជាផ្នែកមួយនៃគម្រោងជាច្រើនទៀត មានបំណងដោះស្រាយវិបត្តិទឹកនៅដែនដីញាំញីដោយសារភ្លើងសង្រ្គាមមួយនេះ ។
ស្របពេលចំណាប់អារម្មណ៍សកលងាករកភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ជាទីដែលក្រុមតាមដានភាពអត់ឃ្លានសកលលោកនិយាយថា គ្រោះទុរ្ភិក្សជិតលេចចេញជារូបរាងឡើងនោះ វិបត្តិទឹក នៅតែជាបញ្ហាធ្ងន់ធ្ងរដដែល ។
បើទោះបីជាទឹកមួយចំនួន ទទួលបានពីរោងចក្របន្សុតទឹកប្រៃខ្នាតតូចគ្រប់គ្រងដោយទីភ្នាក់ងារជំនួយយ៉ាងណាក្តី ទឹកភាគច្រើនត្រូវបានបូមចេញពីអណ្តូងដែលធ្វើឲ្យកខ្វក់ដោយសារលូរទឹកស្អុយ និងសារធាតុគីមីជ្រាបចូលតាមគំនរបាក់បែក បង្កឲ្យមានការរីករាលដាលជំងឺអាសន្នរោគ និងជំងឺរលាគថ្លើម ៕
