ជនប៉ាឡេស្ទីន បានបន្តរត់ភៀសខ្លួនចេញពីតំបន់មួយទៅកាន់តំបន់មួយទៀតនៅក្នុងទីក្រុងហ្កាហ្សា ពេលដែលអ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេនៅក្នុងដែនដីមួយនេះ ។
អ្នកស្រុកនិយាយថា មនុស្សជាច្រើនគ្រួសារ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះពួកគេភាគច្រើនធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ពេលដែលកងកម្លាំងអ៊ីស្រាអែលវាយប្រហារតំបន់ជាយក្រុងភាគខាងកើត Shejaia, Zeitoun និង Sabra ។

ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីន ៧១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
យោធាអ៊ីស្រាអែលត្រៀមខ្លួនដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា ដែលជាមជ្ឈមណ្ឌលទីក្រុងធំជាងគេបំផុតនៅតំបន់ហ្កាហ្សា បើទោះបីជាមានការអំពាវនាវពីអន្តរជាតិឲ្យអ៊ីស្រាអែលពិចារណាឡើងវិញចំពោះវិធានការមួយនេះក៏ដោយ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងជម្លៀសពលរដ្ឋ ១លាននាក់ ដែលកំពុងស្នាក់នៅទីនោះ ។
លោក Rizk Arandas គឹជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា លោកមានសមាជិកគ្រួសារ ៧នាក់ លោកបានជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ទៅកាន់តំបន់ភាគខាងត្បូង ទៅកាន់ទីក្រុង Khan Younis ។ លោកបានជម្លៀសខ្លួន ៤លើកនៅទីក្រុង Khan Younis ហើយលោកបានជម្លៀសខ្លួនទៅកាន់ទីក្រុង Rafah ។ ពេលដែលរថក្រោះចូលទីក្រុង Rafah លោកបានជម្លៀសទៅភាគខាងលិចទីក្រុង Rafah ហើយក្រោយមកជម្លៀសទៅកាន់ទីក្រុង Khan Younis ទីក្រុង Nuseirat ទីក្រុង Khan Younis និងទីក្រុងហ្កាហ្សា ។ តើពួកយើងត្រូវស្នាក់នៅទីនេះ ដើម្បីស្លាប់មែនឬ? ៕
