អ្នកស្រុកមកពីភូមិ Qadirabad ស្ថិតក្នុងស្រុក Mandi Bahauddin ប្រទេសប៉ាគីស្ថាន ព្រួយបារម្ភដល់ទុក្ខលំបាកបន្ថែមទៀត ពេលដែលទឹកឡើង បានគំរាមជន់លិចសហគមន៍របស់ពួកគេ កាន់តែខ្លាំងជាងនេះ ។
អ្នកភូមិជាប់ខ្លួន ទទួចអង្វរសុំការសង្រ្គោះបន្ទាន់ រយៈពេល ១ថ្ងៃ ក្រោយទឹកជំនន់បំផ្លិចបំផ្លាញផ្ទះសម្បែង ធ្វើឲ្យខូចខាតផលដំណាំ និងសម្លាប់សត្វចិញ្ចឹម ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត Punjab និយាយថា ភ្លៀងធ្លាក់ខ្លាំង និងការបញ្ចេញទឹកដ៏ច្រើនហួសប្រមាណរបស់ប្រទេសជិតខាងឥណ្ឌាចេញពីទំនប់របស់ពួកគេ បានធ្វើឲ្យទឹកឡើងនៅតាមទន្លេចំនួន ៣ ដែលហូរទៅកាន់ខេត្តភាគខាងកើត បង្ខំឲ្យក្រុមអាជ្ញាធរទម្លុះច្រាំងទន្លេនៅតាមកន្លែងមួយចំនួន បណ្តាលឲ្យជន់លិចដល់ភូមិជាង ១.៤០០កន្លែង ។
ក្រុមមន្រ្តីនិយាយថា ទឹកជំនន់អាក្រក់ខ្លាំងនៅខេត្ត Punjab ដែលជាកន្លែងរស់នៅសម្រាប់ពលរដ្ឋពាក់កណ្តាលរបស់ប៉ាគីស្ថាន និងជាតំបន់ផលិតស្រូវសាលី ស្រូវ និងកប្បាសដ៏សំខាន់នោះ បណ្តាលមកពីការបញ្ចេញទឹកចូលទៅកាន់ទន្លេ Ravi, Sutlej និងទន្លេ Chenab ពីទំនប់ទឹកពេញរបស់ឥណ្ឌា ។
ឥណ្ឌាដែលតែងតែបញ្ចេញទឹកពីទំនប់របស់ខ្លួនរាល់ពេលដែលវាពេញនោះ បានបញ្ជូនការព្រមានទឹកជំនន់ ៣លើកដល់ប្រទេសជិតខាងប៉ាគីស្ថានក្នុងសប្តាហ៍នេះ ដោយពួកគេអំពាវនាវឲ្យប្រទេសជិតខាងមួយនេះ ចាត់វិធានការមនុស្សធម៌ ៕
