នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានធ្វើការថ្កោលទោសទាំងស្រុងចំពោះដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Roger Wicker ដែលជាប្រធានគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបមកពីគណបក្សសាធារណរដ្ឋ និងស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់នៅក្នុងសភាសហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនតែងតែជំទាស់យ៉ាងមុតមាំរាល់ទម្រង់ណាមួយនៃការផ្លាស់ប្តូរផ្លូវការរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ។ ដំណើរទស្សនកិច្ចរបស់សមាជិកសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ បានបំពានយ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ចិនតែមួយ ចិនពុំពេញចិត្តទាល់តែសោះនឹងទង្វើបែបនេះ ។
លោក Wicker ដែលជាអ្នកសាធារណរដ្ឋ និយាយប្រាប់មេដឹកនាំអាជ្ញាធរកោះតៃវ៉ាន់លោក Lai Ching-te អំឡុងពេលជំនួបនៅទីក្រុងតៃប៉ិថា កោះតៃវ៉ាន់មានសិទ្ធិសេរីភាព និងរក្សាការសម្រេចចិត្តដោយខ្លួនឯង ។
លោក Wicker និយាយថា លោកបំពេញទស្សនកិច្ចនេះ ដើម្បីពង្រឹង និងសង្កត់ធ្ងន់លើភាពជាដៃគូដ៏អស្ចារ្យដែលសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់មានជាមួយគ្នា ហើយនិងបន្តមាននៅពេលអនាគត ។
លោកបន្តថា ពួកយើងនៅទីនេះ ដើម្បីជជែកគ្នាជាមួយមិត្តរបស់ពួកយើង និងសម្ព័ន្ធមិត្តរបស់ពួកយើងនៅកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងអ្វីដែលពួកយើងនឹងធ្វើ ដើម្បីជំរុញសន្តិភាពសកលលោក សន្តិភាពណាមួយតាមរយៈកម្លាំងដែលលោក Ronald Reagan ធ្លាប់និយាយ ។
សូមបញ្ជាក់ថា ចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេលជាង ៥ឆ្នាំកន្លងមកនេះ រួមទាំងការធ្វើហ្គេមសង្រ្គាម ។ ទីក្រុងប៉េកាំងពុំដែលច្រានចោលម្តងណាទេចំពោះការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកកោះតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ ៕