ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះ អ៊ីស្រាអែល បានរកឃើញសាកសពរបស់ចំណាប់ថ្នូរ Ilan Weiss ពីតំបន់ហ្កាហ្សាស្រ្ទីប ។
សេចក្តីថ្លែងការណ៍បន្តថា សម្ភារៈជារបស់ជនទី ២ដែលអត្តសញ្ញាណរបស់គាត់ នៅពុំទាន់ច្បាស់សម្រាប់ការចុះផ្សាយនោះ ត្រូវបានរកឃើញផងដែរ ។
យោធាអ៊ីស្រាអែល និយាយថា លោក Weiss វ័យ ៥៥ឆ្នាំ ដែលជាពលរដ្ឋរស់នៅក្នុងភូមិ Kibbutz Be'eri ស្ថិតនៅភាគខាងត្បូងអ៊ីស្រាអែលនោះ ត្រូវបានចាប់ពង្រាត់ពីផ្ទះរបស់លោក ហើយត្រូវបានសម្លាប់អំឡុងការវាយប្រហារឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាស ។
ភរិយារបស់លោក អ្នកស្រី Shiri និងកូនស្រី Noga ត្រូវបានចាប់ពង្រាត់ផងដែរ ហើយក្រោយមកត្រូវបានដោះលែងវិញ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោសកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ។
ក្រោយរកឃើញសាកសពរបស់លោក Weiss អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរ ៤៩នាក់ទៀត បន្តនៅឃុំក្នុងតំបន់ហ្កាហ្សា ក្នុងនោះចំណាប់ថ្នូរត្រឹមតែ ២០នាក់ប៉ុណ្ណោះ ត្រូវបានគេមានជំនឿថា នៅរស់រាន ។
សូមបញ្ជាក់ថា មនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ ហើយចំណាប់ថ្នូរ ២៥១នាក់ ត្រូវបានចាប់យកទៅ អំឡុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ។
ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីន ៦២.០០០នាក់ ហើយនិងបណ្តាលឲ្យមនុស្សស្ទើទាំងអស់ ២,៣លាននាក់ ជម្លៀសខ្លួន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ហើយនិងបង្កឲ្យកើតមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ៕