យោងតាមការអះអាងរបស់គណៈកម្មាធិការអភិវឌ្ឍន៍ឈូងសមុទ្រ Fonseca បានឲ្យដឹងថា ភូមិនេសាទ Cedeno របស់ហុងឌុយរ៉ាស ត្រូវបានសមុទ្រលេបយកទៅអស់ ១២០ម៉ែត្រ ចាប់តាំងពីឆ្នាំ ២០០៥រហូតមក ។
ពួកគេនិយាយថា ជំនោរខ្ពស់ និងព្យុះខ្លាំងក្លាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជានេសាទយ៉ាងហោច ៥០ខ្នង សាលារៀនមួយកន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ធ្វើឲ្យក្រុមប្រជានេសាទគ្មានជម្រើសពេលដែលមហាសមុទ្រមកដល់បែបនេះ ។
ក្រុមប្រជានេសាទក្នុងស្រុកដែលស្ថិតក្នុងចំណោមពលរដ្ឋភាគច្រើននៅក្នុងសហគមន៍ និយាយថា រលកសមុទ្រធំៗ និងការច្រោះ បានធ្វើឲ្យពួកគេលែងអាចធ្វើការ ឬទាក់ទាញភ្ញៀវទេសចរទៀតហើយ ដែលជាប្រភពដ៏សំឃាន់នៃប្រាក់ចំណូលសម្រាប់ភូមិនេសាទ ។
លោក Hector Galindo គឺជាអ្នកនេសាទមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រលកសមុទ្របានបំផ្លាញផ្ទះរបស់លោកកាលពីរយៈពេល ៣ខែមុន ហើយឥឡូវលោកមិនដឹងថា ត្រូវផ្លាស់ទីលំនៅទៅកន្លែងណានោះទេ ។
លោកនិយាយថា សមុទ្រមិនទុកនរណាម្នាក់នោះទេ ហើយពលរដ្ឋនៅតាមតំបន់ឆ្នេរទាំងមូល ស្ថិតក្នុងហាភ័យនៃការបាត់បង់លំនៅដ្ឋានរបស់ពួកគេ ។
ចំណែកឯលោក Roger Reyes គឺជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ឈូងសមុទ្រ Fonseca និយាយថា ស្ថានភាពពិតជាគួរឲ្យព្រួយបារម្ភណាស់ ពេលដែលមនុស្សប្រហែល ១៧.០០០គ្រួសារ រងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ ។
ស្ថានភាពលំបាកនៅក្នុងភូមិនេសាទ Cedeno បានគូសបញ្ជាក់ពីការគំរាមកំហែងកើនឡើងពីបម្រែបម្រួលអាកាសធាតុចំពោះសហគមន៍តំបន់ឆ្នេរនៅអាមេរិកកណ្តាល ជាទីដែលនីវ៉ូទឹកសមុទ្រខ្ពស់ជាងមុន និងអាកាសធាតុអាក្រក់ បានធ្វើឲ្យប្រជាពលរដ្ឋជម្លៀសខ្លួន និងបំផ្លាញជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ៕