រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ប្រទេសរបស់លោកបានផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងស្រុងជាមួយអ៊ីស្រាអែល ហើយបានបិទដែនអាកាសរបស់ខ្លួនសម្រាប់យន្តហោះរបស់ប្រទេសនេះ ដើម្បីតវ៉ាជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។

ថ្លែងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់សភាទួរគីស្តីពីតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ លោក Fidan បាននិយាយថា អ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សារយៈពេលពីរឆ្នាំមកនេះ ដោយមិនអើពើទៅនឹងតម្លៃមនុស្សធម៌ជាមូលដ្ឋាននៅចំពោះមុខពិភពលោក។
ប្រទេសទួរគី បានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មផ្ទាល់ជាមួយអ៊ីស្រាអែលកាលពីខែឧសភា ឆ្នាំមុន ដោយទាមទារឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា។ ក្នុងឆ្នាំ២០២៣ ប្រទេសទាំងពីរបានធ្វើពាណិជ្ជកម្មក្នុងចំនួនទឹកប្រាក់៧ពាន់លានដុល្លារ។

ទីក្រុងអង់ការ៉ា មិនបានច្រានចោលពាក្យសម្ដីរបស់ខ្លួនអំពីសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សានោះទេ ដោយប្រធានាធិបតី លោក Recep Tayyip Erdogan បានហៅសង្គ្រាមនេះថាជាអំពើប្រល័យពូជសាសន៍ដូចមេដឹកនាំពិភពលោកនិងអង្គការសិទ្ធិមនុស្សឈានមុខផ្សេងទៀតដែរ ហើយបានប្រដូចនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ទៅនឹងមេដឹកនាំណាស៊ីអាល្លឺម៉ង់ លោក អាដុល អ៊ីត្លែ(Adolf Hitler) ។
លោក Fidan បាននិយាយថា «យើងបានកាត់ផ្តាច់ពាណិជ្ជកម្មរបស់យើងទាំងស្រុងជាមួយអ៊ីស្រាអែល។ យើងមិនអនុញ្ញាតឱ្យនាវាទួរគីចូលទៅកាន់កំពង់ផែអ៊ីស្រាអែលឡើយ ហើយយើងមិនអនុញ្ញាតឱ្យយន្តហោះរបស់អ៊ីស្រាអែល ចូលដែនអាកាសរបស់យើងដែរ»។