នៅថ្ងៃសៅរ៍ (ទី៣០ ខែសីហា) នេះ បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ លោក Chusak Sirinil រដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្រ្តី បានប្រកាសថា ដោយតំណែងរបស់នាយករដ្ឋមន្ត្រី ត្រូវបាននៅទំនេរ ក្រោយមានសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលបានបញ្ចប់តំណែងរបស់លោកស្រី Paetongtarn Shinawatra ជុំវិញការរំលោភក្រមសីលធម៌ គណៈរដ្ឋមន្ត្រីទាំងមូល ក៏បានបាត់បង់ទួនាទីផងដែរ។
លោកបានបន្តថា នៅក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន គណៈរដ្ឋមន្ត្រីផុតអាត្តិ នៅតែបន្តតួនាទីចាំផ្ទះ រហូតដល់គណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង។
លោក Chusak បានពន្យល់ថា ច្បាប់អនុញ្ញាតឲ្យគណៈរដ្ឋមន្ត្រីតែងតាំងឧបនាយករដ្ឋមន្ត្រីមួយរូប ដើម្បីបំពេញមុខងារជំនួសនាយករដ្ឋមន្ត្រី នៅពេលដែលការិយាល័យនៅទំនេរ។ ថ្ងៃនេះ គណៈរដ្ឋមន្ត្រី បានសម្រេចតែងតាំងឧបនាយករដ្ឋមន្ត្រី លោក Phumtham Wechayachai ជានាយករដ្ឋមន្ត្រីស្តីទី។
ដោយសារលេខានាយករដ្ឋមន្ត្រី បានលាលែងពីតំណែង លោក Phumtham បានតែងតាំងលោកបណ្ឌិត Prommin Lertsuridej ឲ្យកាន់តួនាទីជាលេខានាយករដ្ឋមន្ត្រី៕