ក្រុមមេធាវីសិទ្ធិមនុស្ស កាលពីថ្ងៃសុក្រ (ទី២៩ ខែសីហា) បានប្រាប់ឲ្យដឹងថា ពួកគេបានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ នៅក្នុងតុលាការសហព័ន្ធរបស់ប្រទេសអាហ្សង់ទីន ដើម្បីស្វែងរកការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រសិនបើលោកចូលទៅក្នុងប្រទេសនេះ ចំពេលមានរបាយការណ៍ អំពីលទ្ធភាពនៃដំណើរទស្សនកិច្ច ក្នុងខែកញ្ញា ដែលនៅតែមិនទាន់មានការបញ្ជាក់អះអាងនៅឡើយ។

បើយោងតាមពាក្យបណ្តឹងដែលសារព័ត៌មាន Reuters បានពិនិត្យ បានបង្ហាញថា ពាក្យបណ្តឹងព្រហ្មទណ្ឌដែលដាក់ទៅតុលាការសហព័ន្ធអាហ្សង់ទីន អំពាវនាវឲ្យមានការចាប់ខ្លួនលោក Netanyahu នៅក្នុងប្រទេសនេះ និងឲ្យមានការស៊ើបអង្កេតលើអាជ្ញាធរនយោបាយ និងយោធាអ៊ីស្រាអែល ពាក់ព័ន្ធនឹងឧប្បត្តិហេតុមួយ កាលពីថ្ងៃទី២៣ ខែមីនា ដែលមនុស្ស ១៥នាក់ ត្រូវបានសម្លាប់ ដោយក្នុងចំណោមពួកគេ គឺជាអ្នកឆ្លើយតបដំបូងជាច្រើនរូបដែលជួយជនរងគ្រោះដោយការទម្លាក់គ្រាប់បែក។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា លោក Netanyahu ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅអាហ្សង់ទីន ក្នុងខែកញ្ញា ប៉ុន្តែរដ្ឋាភិបាលមិនបានបញ្ជាក់ពីការបំពេញទស្សនកិច្ចនេះទេ។
សារព័ត៌មាន Clarin របស់អាហ្សង់ទីន បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក Netanyahu អាចនឹងស្នើសុំជួបជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ខណៈពេលដែលមេដឹកនាំទាំង២ កំពុងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នាចុងខែកញ្ញា។
ដីកាចាប់ខ្លួនលោក Netanyahu ត្រូវបានដាក់រួចហើយទៅតុលាការសហព័ន្ធអាហ្សង់ទីន កាលពីដើមខែសីហា ដោយសមាគមកម្មកររដ្ឋ (ATE) និងក្រុមសិទ្ធិមនុស្ស HIJOS។
មេដឹកនាំអ៊ីស្រាអែលកំពុងប្រឈមនឹងការមានសម្ពាធសកលកាន់តែខ្លាំងឡើងៗ ជុំវិញការវាយលុកយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងធ្វើឲ្យប្រជាជនភាគច្រើនផ្លាស់ទីលំនៅ៕