នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃសុក្រ (ទី២៩ ខែសីហា) សមាជិកដ៏សំខាន់សហភាពអឺរ៉ុប (EU) បានឲ្យដឹងថា ទាំងប្រទេសបារាំង និងអាល្លឺម៉ង់ នឹងផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន បន្ទាប់មានពីការវាយប្រហារតាមអាកាស «ដ៏ធំ» របស់រុស្ស៊ី នៅប៉ុន្មានថ្ងៃថ្មីៗនេះ។

បន្ទាប់ពីប្រធានាធិបតីលោក Emmanuel Macron ទទួលស្វាគមន៍អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ភាគខាងត្បូងនៃប្រទេសបារាំង ប្រទេសទាំង ២ បានប្រាប់ថា៖ «បារាំង និងអាល្លឺម៉ង់នឹងផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមដល់អ៊ុយក្រែន»។

ភាគីទាំង២ បានបន្ថែមថា៖ «ទោះបីជាមានការប្រឹងប្រែងផ្នែកការទូតអន្តរជាតិយ៉ាងខ្លាំងក៏ដោយ ក៏រុស្ស៊ីមិនបានបង្ហាញពីចេតនាចង់បញ្ចប់សង្គ្រាមលុកលុយឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែននោះឡើយ»។
គួរបញ្ជាក់ថា មីស៊ីល និងយានដ្រូនរបស់រុស្សី បានត្រូវចំប្លុកអគារផ្ទះល្វែងក្នុងទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ អំឡុងការវាយប្រហារបង្ហូរឈាមបំផុតលើរដ្ឋធានីមួយនេះជាលើកដំបូង ក្នុងរយៈពេលជាច្រើនខែ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣នាក់ស្លាប់ ក្នុងនោះមានកុមារ ៤នាក់ផងដែរ ហើយប្រហែល ៥០នាក់ផ្សេងទៀតរងរបួស។
ជាមួយគ្នានេះ ប្រទេសទាំង២ ក៏បានបញ្ជាក់បន្ថែមដែរថា បារាំង ដែលជាមហាអំណាចអាវុធនុយក្លេអ៊ែរតែមួយគត់របស់ EU និងអាល្លឺម៉ង់ នឹងបើក «កិច្ចសន្ទនាជាយុទ្ធសាស្ត្រ» ជុំវិញការរារាំងនុយក្លេអ៊ែរ ដោយសារមានបញ្ហាប្រឈមផ្នែកសន្តិសុខរួមគ្នា៕