តួលេខចុងក្រោយបង្ហាញថា សមាជិកសភាចំនួន ២៨៣នាក់ គាំទ្រប្រមុខគណបក្ស Bhumjaithai (ភូមិចៃថៃ) គឺលោក Anutin Charnveerakul ធ្វើជានាយករដ្ឋមន្ត្រី ដោយមានការរំពឹងទុកនូវការចាកចេញបន្ថែមទៀតពីគណបក្សកំពុងកាន់អំណាច Pheu Thai (ភឿថៃ)។
លោក Anutin បាននិយាយនៅថ្ងៃសៅរ៍ (ទី៣០ ខែសីហា)ថា លោកមិនមានក្ដីបារម្ភនោះឡើយ ប្រសិនបើសភាត្រូវបានរំលាយក្នុងរយៈពេល ៤ខែ ដោយជឿថា គណបក្ស Pheu Thai ទំនងជាមានពេលតិចតួចបំផុត ដើម្បីរៀបចំខ្លួន សម្រាប់ការបោះឆ្នោត។
រីឯគណបក្ស Pheu Thai ទើបតែបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួន ដោយបញ្ជាក់ថា ពួកគេសុខចិត្តទទួលយកលក្ខខណ្ឌដែលកំណត់ដោយគណបក្សប្រឆាំងដ៏ធំ ជាថ្នូរនឹងការទទួលបានគាំទ្រ ប៉ុន្តែចង់បន្តកាន់អំណាច ៦ខែ ជំនួសឲ្យរយៈពេល ៤ខែ មុននឹងរំលាយសភាតំណាងរាស្រ្ត។
លោក Sora-wong Tiantong រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ និងកីឡា និងជាអគ្គលេខាធិការគណបក្ស Pheu Thai បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ។ លោកបានបញ្ជាក់ថា គណបក្សកំពុងប្រឹងប្រែង ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាល។
ទាក់ទងនឹងសំណើចំនួន ៣ របស់គណបក្ស People's Party គណបក្ស Pheu Thai បានប្រាប់ថា ខ្លួនមានឆន្ទៈទទួលយកអ្វីដែលផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជន។ ហើយលោក Sora-wong Tiantong បានបន្ថែមថា អាចនឹងមានសំណើបន្ថែមទៀត។
គូរបញ្ជាក់ថា ប្រទេសថៃ ពេលនេះ មិនទាន់មាននាយករដ្ឋមន្ត្រីផ្លូវការនៅឡើយទេ បន្ទាប់លោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញបញ្ជប់តំណែង ជុំវិញការរំលោភក្រមសីលធម៌៕