កោះកុង៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់សម្ភារៈបរិក្ខារពេទ្យជូនរដ្ឋបាលខេត្តកោះកុង ដើម្បីបម្រើដល់ជួយសង្រ្គោះអ្នកជំងឺនៅតាមមន្ទីរពេទ្យទូទាំងខេត្ត។
រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហោ អូន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បាននាំយកសម្ភារៈបរិក្ខារពេទ្យរួមមាន៖ ទឹកថ្នា សម្លាប់មេរោគចំនួន ៩៦០លីត្រ ស្រោមដៃចំនួន ១ម៉ឺនគូរ អាវក្រណាត់សម្រាប់អ្នកជំងឺចំនួន ១ម៉ឺនអាវ ឈើច្រត់ជនពិការចំនួន៥គូរ ជើងរៀនដើរមានកង់ចំនួន ៥គ្រឿង ជើងរៀនដើរគ្មានកង់ចំនួន ២០គ្រឿង ដើម្បីទុកជូនរដ្ឋបាលខេត្តកោះកុង។
ឯកឧត្តម ហោ អូន មានប្រសាសន៍ថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ លើវិស័យសុខាភិបាលមានតម្រូវការចាំបាច់ ទើបឯកឧត្តមឧបត្ថម្ភជាសម្ភារៈវិស័យទាំងនេះឡើង ក្នុងគោលបំណងសម្រួលដល់ការជួយសង្រ្គោះព្យាបាលអ្នកជំងឺនៅតាមបណ្តាមន្ទីរពេទ្យនានាក្នុងខេត្តកោះកុង។
បន្ទាប់ប្រគល់ និងទទួលរួចលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានសម្តែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានគិតគូរខ្ពស់សេចក្តីខាងផ្នែកសង្រ្គោះព្យាបាលដល់អ្នកជំងឺនៅក្នុងខេត្ត។
លោកជំទាវ ចាត់ទុកថា នេះសកម្មភាពដ៏ប្រពៃ សម្រាប់លើកកម្ពស់វិស័យសុខាភិបាលបង្កើនទំនុកចិត្តពីអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋមកទទួលសេវាសាធារណៈទូទៅ។
លោកជំទាវ នឹងរៀបចំបែងចែកគ្រឿងសម្ភារៈសុខាភិបាលទាំងនេះ ប្រកបដោយតម្លាភាព តាមតម្រូវការខ្វះខាតជាក់ស្តែង៕
អត្ថបទ៖ ឈឹម មករា





