បាត់ដំបង៖ ពលករខ្មែរចំនួន ២២៥នាក់បានបន្តវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលរដ្ឋចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យដើម្បីទទួលពលករ។
បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សលើពលករទាំងអស់ ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ។ ពលករចំនួន ៤៥នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។
ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១៨០នាក់ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕



