ព្រះសីហនុ ៖ រហូតមកដល់សប្ដាហ៍ទី៣នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ដព្រះសីហនុ បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយជិត ៣០នាក់ ដោយយល់ឃើញថា ស្ថានភាពបានប្រសើរបន្តិចនោះ ពិសេសដោយការយកសំណាកវិភាគ ចំនួនពីរលើកនៅទីតាំងចត្ដាឡីស័ក ទាំងពីរកន្លែង មានលទ្ធផលអវិជ្ជមានទាំងអស់ ទើបអាជ្ញាធរខេត្ដ បានសម្រេចបិទបញ្ចប់ ការធ្វើចត្ដាឡីស័កទីតាំងទាំងពីរ ហើយអនុញ្ញាតឱ្យដំណើរការឡើងវិញអាជីវកម្មរបស់ខ្លួនឡើងវិញ។
នៅថ្ងៃទី១២ ខែមីនានេះ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ បានលើកឡើងថា រហូតមកដល់សប្ដាហ៍ទី៣នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ដព្រះសីហនុ បានព្យាបាលជាសះ ស្បើយអ្នកជំងឺកូវីដ-១៩ បាន ២៨នាក់ ដោយយល់ ឃើញថា ស្ថានភាពបានប្រសើរបន្តិចនោះ ពិសេសដោយការយកសំណាកវិភាគទាំងពីរលើកនៅទីតាំងចត្ដាឡីស័ក ទាំងពីរ មានលទ្ធផលអវិជ្ជមានទាំងអស់ ទើបអាជ្ញាធរខេត្ដ បានសម្រេចបិទបញ្ចប់ការធ្វើចត្ដាឡីស័ក ទីតាំងពីរនេះ ហើយអនុញ្ញាត ឱ្យដំណើរការឡើងវិញអាជីវកម្មរបស់សណ្ឋាគារ កាស៊ីណូ ជីនស៊ីកួយជូ (ជីនប៉ី២) និងសណ្ឋាគារ ហ័ង ហ្គ័នជាយឺ ដែលស្ថិត នៅក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ប៉ុន្តែ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួង សុខាភិបាល។
លោក បន្ដថា ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ដព្រះសីហនុ បានប្រតិបត្តិការយកសំណាកតាមគោលដៅជាង ១ម៉ឺននាក់ ស្រីជាង ៤ពាន់នាក់ បានរកឃើញអ្នកវិជ្ជមាន សរុបចំនួន ១៣២នាក់ ស្រី ៥៣នាក់ (ចិន ១១៦នាក់ ស្រី៤៣នាក់ ស្ត្រីវៀតណាម ៦នាក់ និងខ្មែរ ១០នាក់ ស្រី៤នាក់)។ អ្នកជំងឺទាំងអស់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត និងសណ្ឋាគារសាកាណា ដែលបានព្យាបាលជាសះស្បើយចំនួន ២៨នាក់ ស្រី៦នាក់ (បុរសខ្មែរ៣នាក់ ចិន១៣នាក់ និងស្ត្រីវៀតណាម១នាក់) និងចំនួន អ្នកជំងឺនៅសល់កំពុងសម្រាកព្យាបាលចំនួន ១០៤នាក់។ ក្រុមគ្រូពេទ្យ បានកំពុង មមាញឹកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន ៣.៦៦៩នាក់ ស្រី ៩៦៧នាក់។
លោក បញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អស់រយៈពេលប្រមាណ ៣សប្ដាហ៍ ការឆ្លងរាលដាលមេរោគកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល រកឃើញចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ (វិជ្ជាមាន) ជាបន្ដបន្ទាប់រៀងរាល់ថ្ងៃនៅតាមរាជធានី-ខេត្ដមួយចំនួន ក្នុងនោះ ខេត្ដព្រះសីហនុ ក៏មានទូរលេខគួរឱ្យកត់សម្គាល់ ផងដែរ ដែលបានធ្វើឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានការព្រួយបារម្ភខ្លាំងពីសុខុមាលភាព របស់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យអាជ្ញាធរខេត្ដ ធ្វើការបិទផ្អាកបណ្ដោះអាសន្នទីតាំង ពាណិជ្ជកម្មជាច្រើនកន្លែង ដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះឱ្យមាន ប្រសិទ្ធភាព។ អាជ្ញាធរខេត្ដ បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទបានចំនួន ១ពាន់កន្លែង បានដាក់គោលដៅប៉ុស្តិ៍ត្រួតពិនិត្យរឹតបន្ដឹងការធ្វើដំណើចេញ-ចូលខេត្តចំនួន ៤កន្លែង និងបានចេញសេចក្តីជូន ដំណឹងផ្អាកបណ្ដោះអាសន្នអាជីវកម្ម ៤៦ កន្លែង និងបានកំណត់ជាមណ្ឌលចត្តាឡីស័ក និងបន្តស្រាវជ្រាវព្រមទាំងអំពាវនាវ ដល់អ្នក ដែលមានការពាក់ព័ន្ធអោយស្ម័គ្រចិត្តមកយកវត្ថុសំណាក និងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល៕
អត្ថបទ ៖ គង៉ ប៊ុនថា

