ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី លើរោងចក្រថាមពល នៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ពេញមួយយប់ បានធ្វើឱ្យលំនៅឋានអតិថិជនជិត ៦ម៉ឺនខ្នង ពុំមានអគ្គិសនីប្រើប្រាស់ឡើយ ហើយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្តេជ្ញាសងសឹក ដោយបញ្ជាឱ្យមានការវាយប្រហារកាន់តែជ្រៅបន្ថែមទៀតចូលទៅក្នុងទឹកដីរុស្ស៊ី។

រយៈពេលជាង ៣ឆ្នាំកន្លះក្នុងសង្រ្គាមដ៏បង្ហូរឈាម រុស្ស៊ីនិងអ៊ុយក្រែន បានធ្វើការវាយប្រហារតាមអាកាសដាក់គ្នាកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រុស្ស៊ីបានកំណត់គោលដៅលើប្រព័ន្ធថាមពល និងការដឹកជញ្ជូនរបស់អ៊ុយក្រែន ចំណែកអ៊ុយក្រែន បាននិងកំពុងវាយប្រហាររោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងរបស់រុស្ស៊ី។

ក្នុងការបង្ហោះលើបណ្ដាញសង្គម X លោក Zelenskiy បាននិយាយថា «អ៊ុយក្រែន នឹងបន្តប្រតិបត្តិការសកម្មរបស់ខ្លួនតាមរបៀបដែលចាំបាច់ សម្រាប់ការការពាររបស់អ៊ុយក្រែន។ កងកម្លាំង និងធនធានត្រូវបានរៀបចំ ហើយការវាយប្រហារចូលជ្រៅថ្មីក៏ត្រូវគ្រោងទុកផងដែរ"។ សារបង្ហោះនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ុយក្រែន លោក Oleksandr Syrsky ប៉ុន្តែលោក Zelenskiy មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីផែនការសងសឹកនេះទេ។

ដ្រូនរុស្ស៊ី បានវាយប្រហារទីតាំងថាមពល ៤កន្លែង នៅតំបន់ Odesa របស់អ៊ុយក្រែន ហើយអាជ្ញាធរក្នុងតំបន់រាយការណ៍ថា លំនៅឋានអ្នកស្រុក ២៩.០០០កន្លែង គ្មានអគ្គិសនីប្រើប្រាស់ទេនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ខណៈយានដ្រូនរុស្ស៊ី ក៏កំណត់គោលដៅលើតំបន់ Chernihiv ភាគខាងជើងអ៊ុយក្រែនផងដែរ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងធ្វើឱ្យអ្នកស្រុក ៣ម៉ឺនគ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ រួមទាំងផ្នែកខ្លះនៃទីក្រុង Nizhyn។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងខ្លួនបានវាយលុកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអ៊ុយក្រែន ដែលត្រូវប្រើប្រាស់សម្រាប់គោលបំណងយោធា៕