នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ (៣១ សីហា) ថា អ៊ីស្រាអែល បានកំណត់គោលដៅលើអ្នកនាំពាក្យស្លាបប្រដាប់អាវុធ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ឈ្មោះ Abu Obeida ក្នុងការវាយប្រហារមួយនៅតំបន់ហ្កាហ្សាស្ទ្រីប ខណៈប្តេជ្ញាថា នឹងតាមធ្វើឃាតមេដឹកនាំទាំងអស់នៃក្រុមប្រដាប់អាវុធហ៊ួទី របស់ប្រទេសយេម៉ែន។

ប្រភពប៉ាឡេស្ទីនបានប្រាប់បណ្តាញទូរទស្សន៍ Al Arabiya របស់អារ៉ាប៊ីសាអ៊ូឌីត នៅព្រឹកថ្ងៃអាទិត្យថា លោក Obeida អ្នកនាំពាក្យកងពលតូចអាល់កាសាម របស់ក្រុមហាម៉ាស ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើផ្ទះល្វែងមួយកន្លែងក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃសៅរ៍។ អ្នកដែលនៅក្នុងអាផាតមិននោះត្រូវសម្លាប់ទាំងអស់ ហើយប្រភពនិយាយថា សមាជិកគ្រួសាររបស់លោក Obeida និងមេដឹកនាំកងពលតូចអាល់កាសាម បានបញ្ជាក់ពីការស្លាប់នេះ បន្ទាប់ពីកោសល្យវិច្ច័យសាកសព។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានអបអរក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោក Obeida ត្រូវបានសម្លាប់ ដោយព្រមានថា "ឆាប់ៗនេះ នៅពេលយុទ្ធនាការប្រឆាំងនឹងហ្កាហ្សា កាន់តែខ្លាំងក្លាឡើង" មេដឹកនាំក្រុមហាម៉ាសកាន់តែច្រើនទៀតនឹងត្រូវកំណត់គោលដៅ។
ជាមួយគ្នានេះ ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអាទិត្យ លោក Netanyahu ក៏បានប្តេជ្ញាលុបបំបាត់មេដឹកនាំទាំងអស់របស់ក្រុមហ៊ួទី នៅយេម៉ែនផងដែរ បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លាមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ក្រុមហ៊ួទី បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដែលគាំទ្រដោយក្រុមហ៊ួទី រួមជាមួយនឹងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍នោះ ហើយប្ដេជ្ញាសងសឹកវិញយ៉ាងខ្លាំងក្លាបំផុត៕

