វ៉ូវីណាម៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងស្នើបញ្ជូនអាជ្ញាកណ្ដាល-ចៅក្រម ២រូបទៅចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ។ ដូច្នេះអាជ្ញាកណ្ដាល-ចៅក្រមដែលបំពេញតួនាទីភារកិច្ចបានល្អ នឹងត្រូវបានជ្រើសរើសបញ្ជូនឈ្មោះចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ។

ឯកឧត្តម អ៊ូ រតនា បានលើកឡើងបែបនេះក្នុងពិធីបិទវគ្គណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្ដាលកម្រិត «ក» កាលពីថ្ងៃទី២៣ ខែមករាម្សិលមិញ ខណៈសិក្ខាកាមទាំងអស់ដែលចូលរួមវគ្គនេះ នឹងត្រូវចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះនៅទីលាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តមប្រធានសហព័ន្ធបានស្នើឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញរបស់យើងទៅអនុវត្តឲ្យចំទិសដៅ ដោយរក្សាឲ្យបាននូវតម្លៃរបស់ខ្លួនតាមរយៈការប្រកាន់ភ្ជាប់នូវភាពសច្ច និងយុត្តិធម៌ ព្រោះអាជ្ញាកណ្ដាល-ចៅក្រមក៏ជាផ្នែកមួយដ៏សំខាន់ នៃភាពរីកចម្រើនរបស់កីឡាករ-កីឡាការិនីផងដែរ ពិសេសដើម្បីចូលរួមប្រកួតប្រជែងធ្វើជាអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ។ ឯកឧត្តម អ៊ូ រតនា បន្ដថា ដំណាលគ្នានឹងការសិក្សារយៈពេល ៥ថ្ងៃកន្លងមក សហព័ន្ធក៏បានធ្វើការជាមួយសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ដោយក្នុងការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមនាពេលខាងមុខ សហព័ន្ធនឹងជូនដំណឹងឲ្យអាជ្ញាកណ្ដាលដែលសិក្សាក្នុងវគ្គនេះ នឹងបញ្ជូន ២នាក់ទៅចូលរួមធ្វើចៅក្រម-អាជ្ញាកណ្ដាលនៅទីក្រុងហាណូយក្នុងស៊ីហ្គេមលើកទី៣១ នាខែឧសភា ឆ្នាំ២០២២ ខាងមុខ។
ហេតុនេះសហព័ន្ធបានជំរុញឲ្យគ្រូឧទ្ទេស និងប្រធានវគ្គត្រូវតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់អាជ្ញាកណ្ដាល-ចៅក្រម ពិសេសក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដើម្បីសម្រិតសម្រាំងរកអាជ្ញាកណ្ដាល-ចៅក្រមល្អ ២រូបសម្រាប់បញ្ជូនឈ្មោះទៅវៀតណាម ធ្វើការអនុវត្តផ្ទាល់ក្នុងការប្រកួតអន្ដរជាតិ ពិសេសក្នុងស៊ីហ្គេមដើម្បីជាបទពិសោធន៍ និងពង្រឹងសមត្ថភាពត្រៀមរៀបចំស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ លើសពីនេះ ឯកឧត្តមបានលើកទឹកចិត្ត និងជំរុញឲ្យអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ត្រូវបន្ដសិក្សាស្វែងរយល់បន្ថែមទៀត ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗនាឆ្នាំ២០២៣ គឺការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និងស៊ីហ្គេមលើកទី៣២ ដែលក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តមរំពឹងថា នឹងមានអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាយ៉ាងតិច ៥នាក់ចូលរួមកាត់សេចក្ដីលើទីលាន ដើម្បីធានាបាននូវភាពយុត្តិធម៌បន្ថែមទៀតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្ដាលកម្រិត «ក» បានរៀបចំចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករានេះក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសិក្សាទាំងទ្រឹស្ដី និងការអនុវត្តក្រោមការបង្ហាត់បង្រៀនរបស់គ្រូឧទ្ទេសកម្រិតអន្ដរជាតិ ២រូបគឺលោក Master Nguyen Van Coung និងលោក ទេព ជីវសុខុម ដោយមានសិក្ខាកាមចូលរួម ២៥នាក់មកពី ១០រាជធានី-ខេត្ត ខណៈលទ្ធផលមានសិក្ខាកាម ១៥នាក់ទទួលបាននិទ្ទេសល្អ និង ១០នាក់និទ្ទេសល្អបង្គួរ៕
អត្ថបទ៖ លី ឈុនឡា