កុមារភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ទាំងសុវត្ថិភាព សុខមាលភាព និង ស្បៀងអាហារ។ ប៉ុន្តែកុមារភាគច្រើន បង្ហាញការធុញថប់អារម្មណ៍ព្រោះតែពួកគេនៅភ័យខ្លាចសំឡេងគ្រាប់ នៅបារម្ភខ្លាចកើតសង្គ្រាម ទើបពួកគេមិនហ៊ានត្រឡប់ទៅលំនៅឋានវិញនៅឡើយ។

កុមារភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងអង្គការដៃគូតាមរយៈពេលផ្តល់នូវអាហារ ការស្នាក់នៅ និងការការពារសុវត្ថិភាព។ បន្ថែមលើសពីនេះ អង្គការដៃគូ និង អាជ្ញាធរ បានរៀបចំទីតាំងដើម្បីអោយកុមារអាចអានសៀវភៅ រត់លេង និង ធ្វើសម្មាធិ ដើម្បីសម្រួលផ្លូវចិត្តដល់កុមារ។ បើទោះជាយ៉ាងនេះក្តី តំណាងកុមារភៀសសឹក បានបង្ហាញអារម្មណ៍ធុញថប់ ព្រោះពួកគេនៅមានអារម្មណ៍ភ័យខ្លាច បាក់ស្បាត ខ្លាចមានសង្រ្គាមជាថ្មី។

លោកស្រី ឡាន សុម៉ាលី មន្ត្រីក្រុមប្រឹក្សាឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្ម័គ្រចិត្តសម្របសម្រួល មើលថែកុមារនៅទីតាំងបណ្ណាល័យ បានអោយដឹងថា បើតាមការអង្កេតផ្ទាល់ កុមារភាគច្រើន មានអារម្មណ៍ធុញថប់ ភ័យខ្លាច ព្រោះពួកគេភាគច្រើន បានឆ្លងកាត់សំឡេងគ្រាប់ផ្លោង អំឡុងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ។ ដូច្នេះការរៀបចំអោយមានទីតាំងរត់លេង ការធ្វើសម្មាធិ គឺជាចំនុចសំខាន់ ជួយសម្រួលផ្លូវចិត្តដល់កុមារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ ជនភៀសសឹកជិត២៥០០គ្រួសារ ស្មើនឹង ៨៣៦៣នាក់ដែលបន្តរស់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារក្នុងចំណោមនោះមានកុមារ២៨៥២នាក់ដែលកំពុងទទួលបានការយកចិត្តទុកដាក់ទាំងសុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់ពួកគេ៕ អត្ថបទ ៖សូដាវណ្ណ








