ចំបាប់៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានធ្វើការជំរុញឲ្យតួឯកនៃដំណើរឆ្ពោះទៅស៊ីហ្គេម គឺកីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡាត្រូវសម្រុកហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងសមត្ថភាពឈានទៅរកកម្រិតខ្ពស់ដ្បិតពេលនៅសល់កាន់តែខ្លី។

ការជំរុញនេះធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ កាលពីល្ងាចថ្ងៃទី២៣ ខែមករា បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៤ថ្ងៃដោយរលូននៅទីលាននៃអគារសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា មកទល់ពេលនេះពាក់ព័ន្ធនឹងហេដ្ឋរចនាសម្ព័ន្ធកីឡា ការរៀបចំ និងការត្រៀមទទួលបដិសណ្ឋារកិច្ចសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ មិនមានអ្វីដែលជាការព្រួយបារម្ភនោះទេ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរៀបចំរួចរាល់ជាង ៩០% ហើយ ។ ប៉ុន្តែអ្វីដែលជារឿងត្រូវខ្វល់ខ្វាយធំជាងគេ គឺការអភិវឌ្ឍសមត្ថភាពរបស់កីឡាករ-កីឡាការិនី។ ដោយសារពេលវេលាកាន់ខ្លី ការកសាងសមត្ថភាពមនុស្សឲ្យខ្លាំងពូកែក៏មានការលំបាកដែរ។ ហេតុនេះមានតែខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី លោកគ្រូ អ្នកគ្រូ និងមន្ត្រីបច្ចេកទេសទាំងអស់ត្រូវប្រឹងប្រែង និងប្រើប្រាស់ពេលវេលាខ្លីនេះឲ្យមានន័យបំផុត ក្នុងការរុញបច្ចេកទេស និងគុណផលកីឡាឈានដល់កម្រិតខ្ពស់ ដើម្បីជាក្តីសង្ឃឹមក្នុងការស្វែងរកនូវប្រៀបឈ្នះ និងឧត្តមភាពប្រកួតប្រជែងមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនេះ។

តាមរយៈនេះក្នុងនាមប្រមុខសហព័ន្ធកីឡាចំបាប់កម្ពុជា ឯកឧត្តមបានស្នើឲ្យកីឡាករ-កីឡាការិនីដែលជាតួឯងត្រូវសម្រួចការហ្វឹកហាត់ឲ្យបានគត់មត់ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំនឹងឈរនៅពីក្រោយដើម្បីផ្តល់កម្លាំងចិត្ត ការឧបត្ថម្ភគាំទ្រជំរុញឲ្យកីឡាករ-កីឡាការិនីឈានទៅរកគោលដៅនៃវេទិកាកិត្តិយស ដែលកីឡាករ-កីឡាការិនីម្នាក់ត្រូវក្តាប់យកឱកាសកិត្តិយសនេះឲ្យបាន។ ក្រឡេកចាប់អារម្មណ៍ការប្រកួតវិញគឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៤៥នាក់ដែលប្រកួតលើ ១១វិញ្ញាសា។ រីឯលទ្ធផលនៃការប្រកួតក្លិបក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៦គ្រឿង (មាស៩, ប្រាក់៧ និងសំរឹទ្ធ១០) ខណៈក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស២, ប្រាក់៣ និងសំរឹទ្ធ៨) និងក្លិបគិរីបារមីដំរីមានរិទ្ធឈរលេខ៣ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ ៣គ្រឿង៕
អត្ថបទ៖ លី ឈុនឡា