តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយកាលពីថ្ងៃអាទិត្យ (៣១ សីហា) ថា រដ្ឋបាលលោកប្រធានាធីបតី Donald Trump កំពុងតែបន្តកិច្ចពិភាក្សារបស់ខ្លួនជាមួយដៃគូពាណិជ្ជកម្មនានា បើទោះបីជាតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក បានចេញសេចក្ដីសម្រេចថា ការដំឡើងពន្ធគយភាគច្រើនរបស់ទីក្រុងវ៉ាស៊ីនតោន គឺជារឿងខុសច្បាប់ក៏ដោយ។

ថ្លែងប្រាប់ទូរទស្សន៍ Fox News លោក Greer បាននិយាយថា «ដៃគូពាណិជ្ជកម្មរបស់អាមេរិក កំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធលើការចរចា ហើយគ្រប់ភាគីកំពុងឆ្ពោះទៅមុខជាមួយនឹងកិច្ចព្រមព្រៀងរៀងៗខ្លួន ដោយមិនគិតពីអ្វីដែលតុលាការបានសម្រេចនោះទេ»។
តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក ប្រចាំតំបន់សហព័ន្ធវ៉ាស៊ីនតោន បានចេញសេចក្ដីសម្រេចនោះក្នុងសំឡេងគាំទ្រ ៧ទល់នឹង៤ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយនិយាយថា សភាបានផ្តល់សិទ្ធិអំណាចយ៉ាងសំខាន់ដល់លោកប្រធានាធិបតីអាមេរិកដើម្បីធ្វើសកម្មភាពឆ្លើយតបទៅនឹងភាពអាសន្នជាតិ ប៉ុន្តែសមាជិកសភាមិនបាន "រួមបញ្ចូលយ៉ាងច្បាស់នូវអំណាចក្នុងការដាក់ពន្ធ ពន្ធកាតព្វកិច្ច ឬចំណុចដូចគ្នានេះទេ ឬអំណាចក្នុងការយកពន្ធអាករឡើយ"។
នៅថ្ងៃសុក្រដដែលនោះ លោក Trump បានរិះគន់សេចក្ដីសម្រេចនេះ ហើយបានប្តេជ្ញាថានឹងដាក់សំណុំរឿងនេះទៅតុលាការកំពូលអាមេរិក។ តុលាការឧទ្ធរណ៍និយាយថា ពន្ធរបស់លោក Trump អាចនៅជាធរមានសិន រហូតដល់ថ្ងៃទី១៤ ខែតុលា ដើម្បីអនុញ្ញាតឱ្យមានការប្តឹងឧទ្ធរណ៍៕

