នៅក្នុងគ្លីនិកដែលមានមនុស្សច្រើនមួយកន្លែងនៅជំរំជនភៀសខ្លួន Nuseirat ភាគកណ្តាលតំបន់ហ្កាហ្សា នាង Samar Abu Ajwah បានលើកយកទារកទើបនឹងកើតដែលទន់ខ្សោយរបស់នាង ខណៈស្រែកយំយ៉ាងខ្លាំង។ ទារក Eyad ត្រូវបានគេពិនិត្យថាមានបញ្ហាកង្វះអាហារូបត្ថម្ភដែលមានទម្ងន់ត្រឹមតែ១,៩គីឡូក្រាមប៉ុណ្ណោះ។ នាង Abu Ajwah ដែលទទួលរងកង្វះអាហារូបត្ថម្ភបណ្តាលមកពីការដាក់ទណ្ឌកម្មលើការបិទផ្លូវដឹកជំនួយមនុស្សធម៌របស់អ៊ីស្រាអែលបាននិយាយថា «កូនរបស់នាងត្រូវការទឹកដោះគោ ហើយយើងកំពុងអំពាវនាវរកជំនួយពីអ្នកដែលអាចផ្តល់វាឲ្យបាន ព្រោះយើងមិនអាចរកវាបានទេ»។

អ្នកសារព័ត៌មាន Al Jazeera បានរាយការណ៍ពីជំរំ Nuseirat ថា ម្តាយជាច្រើន បានអស់សង្ឃឹមក្នុងការស្វែងរកអាហារដើម្បីចិញ្ចឹមកូនៗនិងខ្លួនពួកគេផ្ទាល់ក្នុងពេលមានភាពអត់ឃ្លានបណ្ដាលមកពីអ៊ីស្រាអែលនៅក្នុងតំបន់ហ៊ុមព័ទ្ធ។ ចាប់តាំងពីអ៊ីស្រាអែលបានបំពានបទឈប់បាញ់ជាឯកតោភាគីក្នុងខែមីនា ប្រទេសនេះបានរារាំងការដឹកជញ្ជូនស្បៀងអាហារ និងជំនួយផ្សេងទៀតតាមរយៈអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌ ជំនួសមកវិញដោយការបង្កើតកន្លែងចែកចាយជំនួយមួយចំនួនគ្រប់គ្រងដោយកងទ័ពរបស់ខ្លួន គាំទ្រដោយសហរដ្ឋអាមេរិក និងដំណើរការដោយទីភ្នាក់ងារមូលនិធិមនុស្សធម៌ហ្កាហ្សាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានរាយការណ៍ថា ទាហានអ៊ីស្រាអែល និងអ្នកជាប់កិច្ចសន្យាសន្តិសុខរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា បានបើកការបាញ់ប្រហារទៅលើអ្នកស្វែងរកជំនួយនៅកន្លែងនោះ ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង២.២០០នាក់ និងរងរបួសជាង១៦.២២៥នាក់ ចាប់តាំងពី មូលនិធិមនុស្សធម៌ហ្កាហ្សា បានចាប់ផ្តើមប្រតិបត្តិការនៅចុងខែឧសភា។