អឺរ៉ុប៖ ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបាននិយាយកាលពីថ្ងៃអាទិត្យថា វីរុសបម្លែងខ្លួនថ្មី Omicron បានរុញច្រានវីរុសរាតត្បាតសកល COVID-19 ទៅរកដំណាក់កាលថ្មី និងអាចឈានដល់ចំណុចបញ្ចប់នៅក្នុងតំបន់អឺរ៉ុប។

លោក Hans Kluge បានប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយថា គេអាចជឿទុកចិត្តបានថា តំបន់នេះកំពុងបោះជំហានទៅរកចំណុចបញ្ចប់នៃវីរុសរាតត្បាតសកល ដោយបន្ថែមថា វីរុសបម្លែងខ្លួនថ្មី Omicron អាចឆ្លងដល់ ៦០% នៃប្រជាពលរដ្ឋអឺរ៉ុបនៅត្រឹមខែមីនាខាងមុខ។ នៅពេលករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron ដែលចេះតែកើនឡើងនាពេលបច្ចុប្បន្ន និងកំពុងរីករាលដាលនៅទូទាំងទ្វីបអឺរ៉ុបបានធ្លាក់ចុះ ភាពស៊ាំជាសកលនឹងមានរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែដោយសារប្រសិទ្ធភាពវ៉ាក់សាំង ឬព្រោះតែមនុស្សមានភាពស៊ាំដោយសារតែការឆ្លង ហើយក៏នឹងកាត់បន្ថយការឆ្លងបានផងដែរ។
លោក Kluge បាននិយាយថា យើងរំពឹងថានឹងមានភាពស្ងប់ស្ងាត់មួយមុនពេលវីរុស COVID-19 អាចត្រលប់មកវិញនៅចុងឆ្នាំនេះ ប៉ុន្តែជំងឺរាតត្បាតសកលនេះអាចនឹងមិនវិលត្រលប់មកវិញទេ។ ចំណែកអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អាមេរិកលោក Anthony Fauci ក៏បានបង្ហាញសុទ្ធិដ្ឋិនិយមស្រដៀងគ្នានេះដែរកាលពីថ្ងៃអាទិត្យ ដោយលោកបានប្រាប់កម្មវិធីប្រចាំសប្ដាហ៍នេះរបស់ស្ថានីយ៍ទូរទស្សន៍ ABC News ថា ករណីឆ្លងវីរុស COVID-19 កំពុងធ្លាក់ចុះជាបណ្ដើរៗនៅក្នុងតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន