ការវាយប្រហាររបស់រុស្ស៊ីលើទីប្រជុំជននិងទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន បានប្រែក្លាយសង្កាត់ជាច្រើនទៅជាគំនរបាក់បែក និងបន្សល់ទុកកម្ទេចកម្ទីរាប់លានតោន។ ក្រុមហ៊ុនមួយរបស់ជប៉ុន មើលឃើញក្តីសង្ឃឹមក្នុងការកសាងឡើងវិញនៅក្នុងការបំផ្លិចបំផ្លាញ ហើយបានចាប់ផ្តើមគម្រោងមួយដើម្បីប្រែក្លាយសំណល់សង្រ្គាមទៅជាសម្ភារៈផ្សេងៗដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ។

ក្រុមហ៊ុនTagawa Sangyo ក្នុងខេត្ត Fukuoka មានជំនាញក្នុងការផលិតកំបោរបាយអរ ហើយបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងក្រុមហ៊ុនសំណង់មួយរបស់ប្រទេសទួរគី។ កាលពីសប្តាហ៍មុន កម្ទេចកម្ទីពីអគារលំនៅឋាននៅទីក្រុង Makariv ភាគកណ្តាលប្រទេសអ៊ុយក្រែន ត្រូវបានដឹកចេញដោយរថយន្តសម្រាប់គម្រោងនេះ។
សម្ភារៈនេះ នឹងត្រូវបានកម្ទេចហើយផ្នែកខ្លះនៃសម្ភារៈត្រូវបានដឹកជញ្ជូនទៅកាន់រោងចក្រជប៉ុនរបស់ក្រុមហ៊ុននៅចុងខែតុលា។ នៅទីនោះវានឹងត្រូវបានពិនិត្យសម្រាប់ភាពសមស្រប និងសុវត្ថិភាព មុនពេលត្រូវបានប្រែក្លាយទៅជាសំណង់ក្បឿង។ ក្រុមហ៊ុនកំពុងសិក្សាថាតើវាអាចទៅរួចដែរឬទេ ក្នុងការសាងសង់រោងចក្រផលិតក្បឿងនៅក្នុងប្រទេសអ៊ុយក្រែននៅឆ្នាំ២០២៧ ដែលអាចផ្តល់ការងារដល់ទាហានរងរបួស។

អាជ្ញាធរអ៊ុយក្រែនកាលពីខែមិថុនា បាននិយាយថា សង្រ្គាមបានបន្សល់ទុកនូវកម្ទេចកម្ទីជាង៦លានតោន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីរយៈពេលជាងបីឆ្នាំមកនេះ។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និយាយថា បច្ចុប្បន្ននេះខ្លួនផ្តោតលើការធានាបានមូលនិធិសម្រាប់ការយកចោលកាកសំណល់គរដូចភ្នំ។